ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៥៖០០នាទី ត្រង់ចំណុចផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី កែវ រ៉េតមុន្នី អនុប្រធាននាយកដ្ឋាន បានដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ ជានាយការិយាល័យ និងលោកវរសេនីយ៍ទោ ឈួន ហួរ នាយរងការិយាល័យ បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន លេខ ៣៧១ អ.យ.ក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ របស់ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេីឈ្មោះ ជិន ថៃ (ហៅ ម៉េង ឡុង) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះជួលលេខ១១១ ផ្លូវលូ៥ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជននេះពាក់ព័ន្ធករណី ប៉ុនប៉ងមនុស្សឃាតដោយចេតនា និងចែកចាយរូបភាពអាសអាភាស។ បច្ចុប្បន្នជនសង្ស័យខាងលើកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ