បាត់ដំបង៖ នៅថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៨និង៤០នាទី ស្ថិតនៅចំណុចក្រុមទី០៥ ភូមិកណ្ដាល ឃុំត្រាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីហិង្សាក្នុងគ្រួសារ ដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតខ្វែវ) មួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ រឿង សំណាង ហៅម៉ក់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំត្រាំង ស្រុកកំរៀង ខេត្តបាត់ដំបង (ត្រូវប្អូនថ្លៃ ជាមុខសញ្ញាធ្លាប់ជាប់មណ្ឌលបន្សាបគ្រឿងញៀនរយៈពេល១២ខែ) បានធ្វើសកម្មភាពយកកាំបិតខ្វែវង៉ុកកាប់ ទៅលើជនរងគ្រោះឈ្មោះ ធី ភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកម្មករ (ត្រូវបងថ្លៃ) បណ្តាលឲ្យរងរបួសត្រង់កដៃខាងស្ដាំចំនួន ០៣កន្លែង ។
ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រាង នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រឿង សំណាង ហៅម៉ក់ ភេទប្រុស យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានយកកាំបិតខ្វែវង៉ុកកាប់ ទៅលើជនរងគ្រោះ ពិតប្រាកដមែន ។
មូលហេតុដោយសារ ខឹងបងថ្លៃបេះស្លឹកម្រុំ ។
បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ