ភ្នំពេញ៖ រហូតដល់មកម៉ោងប្រមាណ ៥ល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងចាប់បានអ្នកដឹកជនសង្ស័យដែលបាញ់ប្រហារនៅក្នុងបុរីប៉េងហួតបឹងស្នោរ។
គួរបញ្ជាក់ថាកាលពីម៉ោងប្រមាណ ៣:៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីបាញ់ប្រហារមួយបានកើតឡើងនៅចំនុចបុរីប៉េងហួតបឹងស្នោរ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងនោះហេតុការណ៍ក៏មានអ្នករបួស និងស្លាប់ផងដែរ។ សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅម៉ោងកើតហេតុខាងលើខណៈគាត់ និងម្ចាស់ផ្ទះកំពុងធ្វើការដូចធម្មតា ក៏មានជនសង្ស័យម្នាក់បានដើរចូលមកធ្វើការចរចាជាមួយម្ចាស់ផ្ទះរឿងព្រំប្រទល់ដី រហូតដល់តឹងសរសៃក ក៏ស្រាប់តែបុរសជាជនសង្ស័យបានដកកាំភ្លើងធ្វើការបាញ់ប្រហារជាច្រើនគ្រាប់។ ក្រោយបាញ់ប្រហារជនសង្ស័យ ក៏បានរត់គេចបាត់ពីកន្លែងកើតហេតុ៕