បញ្ជូនជនសង្ស័យជនជាតិថៃ២នាក់ ទៅសាលាដំបូង ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀន

0

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​ចំនួន​០២​នាក់ រួម​ទាំង​វត្ថុ​តាង ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ចន្ទ ១១ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ។ នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៤ លោក​បាន​ដឹកនាំ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្សារ​រាត្រី​ទឹក​ពុះ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជនជាតិ​ថៃ​ចំនួន​០២​នាក់ ១-​ឈ្មោះ គៀត​ទី​ផុ​ន ប៉ាក់​ប៉ា ហៅ គៀ​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ថៃ មុខរបរ​បុគ្គលិក​កាស៊ីណូ​បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​(​ជួញដូរ និង​ប្រើប្រាស់​), ២-​ឈ្មោះ វ៉ា​យូ ចា​លើ​ន​សាយ ហៅ បុត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ជនជាតិ​ថៃ មុខរបរ​បុគ្គលិក​កាស៊ីណូ​បច្ចុប្បន្ន​ស្នាក់​នៅ ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​(​រក្សា​ទុក និង​ប្រើប្រាស់​)​។ ក្នុង​ប្រតិបត្តិការ​នោះ​កម្លាំង​បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន​៖ គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ម៉ត់​និង​ក្រាម​ស​ថ្លា (​កេ​តា​មីន​) ចំនួន​១០​កូន​ថង់​កិប ទម្ងន់ ២៧,៣៧​ក្រាម​, ទូរស័ព្ទ​ចំនួន ០២​គ្រឿង​, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ថៃ ចំនួន​០១​សន្លឹក (Kaidtiphong Phakpha), កាត​ការងារ​ចំនួន ០១​សន្លឹក​, នាឡិកាដៃ​លោហធាតុ​ពណ៌​ស ខ្សែ​ពណ៌​ខ្មៅ ចំនួន​០១​គ្រឿង​, ខ្សែ​ក​អ​ង្គាំ​បណ្តោង​រូប​ព្រះ ចំនួន ០១​ខ្សែ និង​កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន​០១​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បានឱ្យ​ដឹង​ថា​៖ មុន​ឈាន​ដល់​កា​រប​ង្រា្ក​ប​ករណី​នេះ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ទទួល​ព​ត៌​មាន​ពី​សន្តិសុខ​រាយការណ៍​មក​ថា​មាន​ករណី ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្សារ​រាត្រី​ទឹក​ពុះ​។ ភ្លាម​ៗ​នោះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​ចំណុច​គោលដៅ​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ថៃ​ទាំង​២​នាក់ ព្រមទាំង​ដកហូត​វត្ថុ​តាង​គ្រឿងញៀន ហើយ​នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សាកសួរ ។​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ទិញ​គ្រឿងញៀន​យក​មក​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​ពិតប្រាកដ​មែន ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ