ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៥:៣៨នាទីព្រឹក នៅចំណុចសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖
*ទី១៖ឈ្មោះ តូច សង់ហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល
*ទី២៖ឈ្មោះ ហេង បញ្ញារាជ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រពើ ឃុំក្រាំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
រហូតដល់វេលាម៉ោង០៦៖២៤នាទី នៅចំណុចសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនបក្ខពួកចំនួន០៣នាក់ រួមមាន៖
*ទី១៖ឈ្មោះ សុខ មករា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិពោតស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
*ទី២៖ឈ្មោះ ជា ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិតាំងក្រសាំង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
*ទី៣៖ឈ្មោះ ហេង ផានិត ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រៃជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សម្ភារដកហូតរួមមាន៖
*ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1N-5661 (ម៉ូតូរបស់ជនរងគ្រោះ)
*ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KI-5697 (ម៉ូតូរបស់ជនសង្ស័យឈ្មោះ ជា ពិសិដ្ឋ)
*ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1GH-4341 (ម៉ូតូរបស់ជនសង្ស័យឈ្មោះ តូច សង់ហេង)។
សូមរំលឹកថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណជា២២យប់ឈ្មោះ ស៊ឹម លក្ខ័ណា ភេទស្រី អាយុ១៨ឆ្នាំ មុខរបររត់តុ និងប្តីឈ្មោះ ជួន សុវណ្ណរាជ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មសំណង់ មានទីលំនៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាC125 សេរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង1N-5661 ជិះឌុបគ្នាចេញពីកន្លែងធ្វើការនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លុះធ្វើដំណើរមកដល់ចំណុចភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម វេលាម៉ោង២៤៖១៥នាទី ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ស្រាប់តែមានជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ ទាំង២គ្រឿង បានជិះមកគៀកម៉ូតូរបស់ខ្លួនហើយធ្វើសកម្មភាពធាក់ម៉ូតូផ្តួល ហេីយយកកាំបិតផ្គាក់ និងដាវកាប់ប្លន់យកម៉ូតូទៅបាត់។
បច្ចុប្បន្នជនសង្ស័យខាងលើបាននាំមកកាន់នាយកដ្ឋាន ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ