បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើសម្នាក់ រឹបអូសថ្នាំញៀនជាង ៥គីឡូក្រាម

0

ភ្នំពេញ​៖ អនុវត្ត​តាម​បទបញ្ជា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុ​ន ប៉ា​ម៉ា​រី​លុ​ច អគ្គស្នងការ​រង​ទទួល​ដឹកនាំ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង​ទទួល​សហការ​ដឹកនាំ​មន្ទីរ​ប្រឆាំង​គ្រឿន​ញៀន និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​០២៖០៧​នាទី កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៥) ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ឈូក គា នាយករង​មន្ទីរ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ដឹកនាំ និង​សម្របសម្រួល​ដោយ​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​ឈាន​ទៅ​បង្ក្រាប​ករណី​ជួញដូរ​-​រក្សារ​ទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច តាម​ផ្លូវ​ព្រះ​មុនី​វង្ស (​ជិត​វិទ្យាស្ថាន​ជាតិ​ប៉ា​ស័​រ​កម្ពុជា​) សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​ចាប់ខ្លួន​ជនល្មើស​១​នាក់ ឈ្មោះ ចាំង យ៉ាំ​ង​តង (TRANG VANG TOAN)​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​វៀតណាម និង​ចាប់​យក​វត្ថុ​តាង​រួម​មាន​គ្រឿងញៀន​ប្រភេទ អិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ ៥៤២៧.៣២៦ ក្រាម (៥​គីឡូ ៤២៧.០៧​ក្រាម​)​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ