បាត់ដំបង៖ នៅថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៩និង៣០នាទី នៅចំណុច ក្រុមទី២៦ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (កាច់កម៉ូតូ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វេីសកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ សង ពៅ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ក្រុមទី០៨ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AP-3513 ជិះយកចេញបាត់។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ព្រះ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ បានកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពលួចកាច់កម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន ។
វត្ថុតាងដកហូតបានរួមមាន៖
-ម៉ូតូចំនួន០១ ជារបស់ជនរងគ្រោះ
-សោរសំរាប់កាច់កម៉ូតូ ។
ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកសង្កែ សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ