បន្ទាយមានជ័យ ៖ ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យជាជនជាតិថៃ២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រ ៨ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ នៅវេលាម៉ោង០៣និង០០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើប្រតិបត្តិការបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចអគារមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ធីផាត់ រ៉ាម៉ាណា ហៅបាស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅបណ្តោះអាសន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជួញដូរ និងប្រើប្រាស់), ២-ឈ្មោះ វីរៈសាត់ ណាមវីឆីត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅបណ្តោះអាសន្ន ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ប្រើប្រាស់)។ ក្នុងប្រតិបត្តិការនេះកម្លាំងបានចាប់យកសម្ភារៈវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០២ថង់កិប ទម្ងន់១,៤៥ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន១០ថង់កិប ស្មើនឹង ១០០គ្រាប់ ទម្ងន់១២,៥០ក្រាម, ទូរស័ព្ទដៃចំនួន ០២គ្រឿង (ម៉ាកSamsung Galaxy A34 ពណ៌ខ្មៅ, ម៉ាកRedmi ពណ៌ខៀវ),នាឡិកាដៃលោហធាតុពណ៌ស ចំនួន០១គ្រឿង។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានបញ្ជាក់ថា៖ មុនឈានដល់ការបង្រា្កប កម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលសេចក្តីរាយការណ៍ពីសន្តិសុខថា មានករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចអគារមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមលោកបានដឹកនាំកម្លាំង ចុះទៅដល់ចំណុចកើតហេតុខាងលើ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់រួមនិងវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួននិងសួរចម្លើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនយកមកលក់ផងនិងប្រើប្រាស់ដោយខ្លួនឯងផង ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ