នេះហើយលទ្ធចុងក្រោយរបស់អ្នកលេង!! គ្មានអីក្រៅពីគុក និងច្រវ៉ាក់នោះទេ

0

ឧត្តរមានជ័យ​៖ ដោយ​មានការ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ លោក​វរសេនីយ៍ឯក ហម ភិ​រម្យ អធិការ​នគរបាល​ក្រុង​សំរោង បាន​ដឹកនាំ​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​យុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ស្មាច់ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះ​ធ្វើការ​ស្រាវជ្រាវ​កំណត់​បាន​មុខសញ្ញា​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន ០៥​នាក់ និង​ដកហូត​បាន​វត្ថុ​តាង​រួមមាន​កាំបិត​ខ្វែវ​ចំនួន ០២​ដើម និង​កាំបិត​បុ័ងតោ​ចំនួន ០១​ដើម​។

ក្មេង​ទំនើង​ទាំង ០៥​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖
១-​ឈ្មោះ ណុ​ង ណ​យ ហៅ ថា មក​រា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​ចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​។
២-​ឈ្មោះ បូ ម៉ិ​ញ​ទី ហៅ ផាត់ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​។
៣-​ឈ្មោះ ចាន់ ចំរើន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​ចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​។
៤-​ឈ្មោះ ម៉ិច សុ​ភី ហៅ ភ្លោះ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រួច​ចំប៉ី សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​។
៥-​ឈ្មោះ វ៉ាង ស៊ី​ហៃ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គិរី​មង្គល សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​។

គួរ​បញ្ជាក់​ថានៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល ០២:០០​នាទី នៅ​ចំណុច​ផ្លូវ​លេខ​២ ស្ថិត​ក្នុងភូមិ​គិរី​មង្គល សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ មាន​កើត​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​ខាងលើ ដែល​ប្រដាប់​ដោយ​កាំបិត​ខ្វែវ និង​កាំបិត​បុ័ងតោ បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ព្រួត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ធី ហុងដា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គិរី​មង្គល សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង មុខរបរ​: កម្មករ ជា​ច្រើន​កាំបិត ត្រូវ​ចំ​លើ​ក្បាល​ផ្នែក​ខាងស្ដាំ ០១​កន្លែង​, លើ​ស្លឹកត្រចៀក​ខាងស្ដាំ ០១​កន្លែង​, លើ​ស្មា​ខាងស្តាំ ០១​កន្លែង​, លើ​សាច់​ដុំដៃ​ខាងស្ដាំ ០១​កន្លែង​, លើ​កែងដៃ​ខាងស្ដាំ ០១​កន្លែង​, លើ​ប្រអប់ដៃ​ខាងឆ្វេង ០១​កន្លែង និង​លើ​ជង្គង់​ខាងស្ដាំ ០១​កន្លែង បណ្ដាល​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​មាន​របួសធ្ងន់ បន្ទាប់​មក​ក្រុម​ក្មេង​ទំនើង​ខាងលើ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់​។

​បច្ចុប្បន្ន​វត្ថុ​តាង និង​ជនសង្ស័យ​ទាំង ០៥​នាក់​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្ដរមានជ័យ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

ប្រភព៖ អធិការដ្ឋាននគរបាល ក្រុងសំរោង