អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បំភ្លឺចំពោះការដកហូតទូរសព្ទគ្មានពន្ធនាំចូលពីទីតាំងអាជីវកម្មមួយចំនួន ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

0

ត្បូងឃ្មុំ៖ នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (​អគរ​) កត់សម្គាល់​ឃើញ​មានការ​ចុះ​ផ្សាយ​តាម​សារព័ត៌មាន និង​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​មួយ​ចំនួន អំពី​ការ​ចុះ​ចាប់​និង​ដកហូត​ទូរ​សព្ទ​គ្មាន​ពន្ធ​នាំ​ចូល​ពី​ទីតាំង​អាជីវកម្ម​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

ពាក់ព័ន្ធ​នឹង​ការ​ចុះ​ផ្សាយ​ដូច​ខាងលើ​នេះ អគរ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា ការ​ចុះ​ចាប់​និង​ដកហូត​ទូរ​សព្ទ​ខាងលើ​នេះ​ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​អនុលោម​ភាព​ចុង​ទី ដែល​អនុវត្ត​ឡើង​ដោយ​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៦ សហការ​ជាមួយ​មន្ត្រី​កងរាជអាវុធហត្ថ​លើ ផ្ទៃ​ប្រទេស​, មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​, និង អាជ្ញាធរ​មូលដ្ឋាន​ក្រោម​កិច្ច​សម្របសម្រួល​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ចម្រុះ​បាន​ចុះ​ឆែកឆេរ​និង​ត្រួតពិនិត្យ​ទីតាំង​អាជីវ​កម្មដ្ឋាន​ចំនួន ៥ ទីតាំង និង​ចាប់​ឃាត់​បាន​ទំនិញ​ល្មើសច្បាប់​គយ​ចម្រុះ​រួម​មាន ទូរ​សព្ទ​, ប្រេងម៉ាស៊ីន​, និង​គ្រឿងអគ្គិសនី​មួយ​ចំនួន​។

អគរ សូម​ជម្រាប​សាធារណជន​ជ្រាប​ថា អនុលោម​តាម​មាត្រា ៨ នៃ​ច្បាប់​ស្ដី​ពី​គយ​ជា​ធរមាន​, ប្រកាស​លេខ ៣៨៩ សហ​វ​.​គរ ចុះ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០០៨ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ប្រកាស​លេខ ៧៣៥ សហ​វ​.​គរ ចុះ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០០៨ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, មុខទំនិញ ទូរ​សព្ទ ត្រូវ​បាន​ចាត់ជា ទំនិញ​កំណត់​ពិសេស ដែល​ជា​កម្មវត្ថុ​នៃ​ការ​បិទ​ត្រា​ពន្ធគយ​។ ជាក់ស្ដែង នា​ពេល​ចុះ​ធ្វើ​អនុលោម​ភាព​នៅ​តាម​ទីតាំង​អាជីវ​កម្មដ្ឋាន​ខាងលើ មន្ត្រី​គយ​និង​រដ្ឋាករ​មាន​សមត្ថកិច្ច​ពិនិត្យ​ឃើញ​ថា​មាន ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ថ្មី ចំនួន ៣៥៦ គ្រឿង និង​ទូរស័ព្ទ​ប្រើ​រួច ចំនួន ៩៥៥ គ្រឿង ពុំ​មាន​បិទ​ត្រា​ពន្ធគយ​និង​ពុំ​មាន​ឯកសារ​បញ្ជាក់​ពី​ប្រភព​ស្របច្បាប់​។ បច្ចុប្បន្ន ទូរ​សព្ទ​ទាំងនេះ​ត្រូវ​បាន​នាំ​យក​មក​ថែរក្សា​ទុកជា​បណ្តោះអាសន្ន​នៅ ទីតាំង​ឈរជើង របស់ ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៦ ស្ថិត​នៅ​ភូមិ ហួច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដើម្បី​ធ្វើ​កំណត់ហេតុ​ល្មើសច្បាប់​គយ​ទៅ​តាម​នីតិវិធី​។ ចំពោះ​ទូរ​សព្ទ​ប្រើ​រួច​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ជា​ទំនិញ​ទិញ​ដូរ​ក្នុងស្រុក នោះ​អង្គភាព​គយ​និង​រដ្ឋាករ​មាន​សមត្ថកិច្ច​នឹង​ប្រគល់​ជូន​ម្ចាស់​វិញ​។

សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ផង​ដែរ​ថា កន្លង​មក អគរ តែង​ចុះ​ផ្សព្វផ្សាយ​ជា​ប្រចាំ ក្នុង​ការ​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​អាជីវករ​តាម​អាជីវ​កម្មដ្ឋាន​នានា តាម​រាជធានី​-​ខេត្ត ឱ្យ​ស្វែង​យល់​ពី​កាតព្វកិច្ច​ពន្ធ​-​អាករ​នាំ​ចូល ជា​ពិសេស​ការ​តម្រូវ​ឱ្យ​មាន​ត្រា​គយ​លើ​ទំនិញ​កំណត់​ពិសេស​ដូច​ជា ទូរ​សព្ទ និង​គ្រឿង​អេ​ឡិ​ក​ត្រូ​និ​ច​មួយ​ចំនួន ហើយ​ក៏​មានការ​បិទ​ផ្សាយ​ខិត​បណ្ណ​អំពី​ការ​អនុវត្ត​កាតព្វកិច្ច​ពន្ធ​-​អាករ​នេះ​នៅ​តាម​អាជីវ​កម្មដ្ឋាន​ផង​ដែរ​។

ជា​ចុងបញ្ចប់ អគរ សូម​អំពាវនាវ​ឱ្យ​គ្រប់​អង្គភាព​/​ស្ថាប័ន​ពាក់ព័ន្ធ និង​បណ្ដាញសារព័ត៌មាន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មេត្តា​ចូលរួម​គាំទ្រ​អនុវត្ត​ច្បាប់​តាម​រយៈ​ការ​ជួញដូរ និង​ប្រើប្រាស់​ទំនិញ​ដែល​បាន​បំពេញ​កាតព្វកិច្ច​ពន្ធ​និង​អាករ​ត្រឹមត្រូវ​ដើម្បី​ចូលរួម​លើកកម្ពស់​វប្បធម៌​សារពើពន្ធ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ទាំងអស់​គ្នា​៕

ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

May be an image of ticket stub and textMay be an image of map and textMay be a graphic of map, blueprint, floor plan and text