ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានចុះធ្វើរដ្ឋបាលនៅជុំវិញបុរីកីឡា ជាមួយនឹងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា និងបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៩នាក់យកមកអធិការនគរបាលខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរ។
ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចខណ្ឌ៧មករា បានធ្វើការចុះ ចុះពិនិត្យរដ្ឋបាលនៅជុំវិញបុរីកីឡា ដោយបានធ្វើការឆែកឆេរ ក៏បានប្រទះឃើញក្រុមក្មេងទំនើងចំនួន ០៩នាក់ ដែលបានជួលបន្ទប់ស្នាក់នៅ ក៏បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះ យកមកសាកសួរនៅអធិការនគរបាលខណ្ឌ៧មករា។
ក្រោយពីធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៩នាក់ខាងលើរួចមក សមត្ថកិច្ចជំនាញក៏បានធ្វើការសាកសួរក្រុមក្មេងទំនើងទាំងអស់នោះ ពួកគេក៏បានឆ្លើយសារភាពថា នៅក្នុងអំឡុងពេលចូលឆ្នាំខ្មែរ (មិនចាំថ្ងៃខែ) ក្រុមនេះ ត្រូវបានក្រុមក្មេងទំនើងមួយក្រុមទៀតនៅអ្នកលឿងធ្វើការដេញកាប់ និងកាប់បំផ្លេចបំផ្លាញ់ទ្រព្យសម្បត្តិរបស់ពួកគេ។
ក្រោយពេលកើតុហេតុរួចមក ក្រុមក្មេងទំនើងមានឈ្មោះ (K.V) បានប្រាប់បន្តថា នៅក្នុងអំឡុងខែមេសាដដែល (មិនចាំថ្ងៃខែ) ក្រុមរបស់ខ្លួនបាននាំគ្នាគ្នាទៅសងសឹកវិញ ដោយបានដេញកាប់ក្រុមអ្នកលឿង និងកាប់បំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមអ្នកលឿងវិញម្តង។ ក្រោយពីធ្វើការកាប់បំផ្លាញទ្រព្យសម្បត្តិរួចមក ក្រុមខ្លួនការបារម្ភភ័យខ្លាចក៏បាននាំគ្នារត់មកជួលបន្ទប់ស្នាក់នៅជាក្រុមក្នុងបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដើម្បីគេចខ្លួនពីក្រុមក្មេងទំនើងអ្នកលឿន។
ក្រោយពីធ្វើការការសួរនាំក្រុមក្មេងទំនើង (K.V) រួចមក សមត្ថកិច្ចជំនាញក៏បានធ្វើតេស្តរកសារធាតុញៀន ក៏បានរកឃើញថា ក្រុមក្មេងទំនើងចំនួន០៦នាក់ បានប្រើប្រាស់នូវសារធាតុញៀន។ ដោយបច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ច នៃអធិការនគរបាលខណ្ឌ៧មករា ធ្វើការប្រគល់ជូនទៅសមត្ថកិច្ច នៃស្នងការនគរបាលខេត្តកណ្ដាល ដើម្បីបន្តនីតិវិធីច្បាប់៕
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ