ក្មេងទំនើង១ក្រុមប្រមូលផ្តុំគ្នាប្រដាប់ដោយកាំបិត និងដាវ ត្រូវនគរបាលឃាត់ខ្លួនសួរនាំ

0

បន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទាំងផែនជំនាញ និងបណ្តាកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក រួមទាំងប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំសង្កាត់ត្រូវបន្តការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ បទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន និងសង្គមជាតិ។

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង៣០នាទីរសៀល កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ចុះបង្ក្រាបក្មេងទំនើងមួយក្រុម មានគ្នាប្រហែល ១០នាក់ នៅចំនុចផ្ទះមួយកន្លែង ដែលស្ថិតនៅភូមិដូនមូល ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅពេលកម្លាំងចុះទៅដល់ កម្លាំងជំនាញឃាត់បានក្មេងចំនួន ០៤នាក់ ប្រដាប់ដោយដំបង និងកាំបិត ជួបជុំគ្នាបម្រុងចេញសកម្មភាព។

លោកវរសេនីយ៍ ព្រហ្ម ប៊ុនធឿន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ៖ ក្មេងទំនើងដែលនគរបាលឃាត់ខ្លួនមាន ១-ឈ្មោះ អ៊ិន ឡៃហេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរោងគោចុង ឃុំចំណោម ស្រុកមង្គលបូរី  ២-ឈ្មោះ ពក វ៉ាន់លាភ ភេទប្រុស អាយុ២០ឆ្នាំ ភូមិគោកអំពិល ឃុំអូរប្រសាទ ស្រុកមង្គល់បូរី ៣-ឈ្មោះ ឃួន ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអូរស្ងួត ឃុំអូរប្រសាទ ស្រុកមង្គលបូរី ៤-ឈ្មោះ ឃុនខាវ ដានុន ភេទ ប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិអូរស្ងួត ឃុំអូរប្រសាទ ស្រុកមង្គលបូរី និងដកហូតបានម៉ូតូចំនួន ០៦គ្រឿង កាំបិតចំនួន ០៥ដើម។

បច្ចុប្បន្នក្មេងទំនើងទាំង៤នាក់ ត្រូវបានយកមកសួរនាំបន្តនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕