ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០នាទី រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញ ម្ចាស់ទូកកាណូតទេសចរណ៍ដែលមានឈ្មោះ បុប្ផាអង្គរ មកសាកសួរ ហើយម្ចាស់ទូកខាងលើ បានអះអាងទទួលស្គាល់ថាពិតជាបានបោះចោលសំរាមចូលក្នុងទន្លេពិតប្រាកដមែន។
បន្ទាប់ពីបានធ្វើការសាកសួរ រួចមក រដ្ឋបាលខណ្ឌបានសម្រេចដូចខាងក្រោម ÷
១-អប់រំណែនាំដល់ម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ ឱ្យយល់ច្បាស់ពីច្បាប់ស្តីពីបរិស្ថាន។
២-ផាកពិន័យម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ ជាទឹកប្រាក់ចំនួន ២០០,០០០រៀល តាមជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន។
៣-បញ្ឈប់ការប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ បុប្ផាអង្គរ ជាស្ថាពរចាប់ពីថ្ងៃនេះតទៅ។
រដ្ឋបាលខណ្ឌដូនពេញ សូមអរគុណដល់ម្ចាស់គណនី Buntha Chheang ដែលបានបង្ហោះ ក្នុងន័យដើម្បីថែរក្សាដល់បរិស្ថានរបស់យើង៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK