ព្រះសីហនុ៖ ក្មេងទំនើង ត្រូវតែអនុវត្តន៍វិធានការឱ្យបានម៉ឺងម៉ាត់ទាំងរដ្ឋបាល និងច្បាប់ ហើយគ្រប់ ភាគីពាក់ព័ន្ធទទួលខុសត្រូវក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
នេះជាការលើកឡើងរបស់ឯកឧត្តម គួច ចំរើន ប្រធានគណៈបញ្ជាការ ឯកភាពខេត្តព្រះសីហនុ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពខេត្តព្រះសីហនុ ដើម្បីរឹតបន្តឹងឱ្យបានម៉ឺងម៉ាត់ចំពោះក្រុមក្មេងទំនើង បន្ទាប់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជា ឱ្យអភិបាលរាជធានី ខេត្ត ត្រូវចាត់វិធានការចំពោះក្មេងទំនើងឱ្យបានម៉ឺងម៉ាត់
កិច្ចប្រជុំនេះ មានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តម គួច ចំរើន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដាក់ ចេញនូវគោលការណ៍ចំនួន៣ចំណុចគឺ៖ ទី១.ចំពោះវិធានការអប់រំ៖ ទុកជូនទៅ អាណាព្យាបាលជាអ្នកទទួលខុសត្រូវក្នុងការអប់រំកូន ចៅ បើទុកឱ្យអាជ្ញាធរ របស់យើងប្រើប្រាស់កម្លាំងទៅធ្វើការអប់រំបន្តទៀតនោះទេ ការអនុវត្តជា មួយក្មេងទំនើងនៅក្នុងតំណាក់កាលនេះ គឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងសូមធ្វើការអំពាវនាវដល់អាណាព្យាបាល ត្រូវទទួលខុសត្រូវក្នុងការអប់រំកូនចៅរបស់ខ្លួន។ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត មិនទទួលយកទៀតទេ នៅពេលដែល កងកម្លាំងធ្វើការបង្ក្រាបបាន មកសុំយកទៅធ្វើការអប់រំ លក្ខណបែបនេះ គឺវាហួសពេលហើយ ការអប់រំ គឺធ្វើមុនពេលដែលសមត្ថកិច្ចអនុវត្តន៍វិធានការរដ្ឋបាល និងវិធានការច្បាប់ សូមឱ្យអាណាព្យាបាលផ្តើមការទទួលខុសត្រូវការអប់រំកូន ចៅរបស់ខ្លួនកុំឱ្យទៅ ប្រព្រឹត្តអំពើល្មើស កុំប្រព្រឹត្តសកម្មភាពក្មេងទំនើង។ ចំពោះកងកម្លាំងរបស់យើង គឺទាំងអាយ្យការ តុលាកា ត្រូវរួមគ្នា ឯកភាពគ្នាឱ្យបានមុតស្រួចអនុវត្តន៍ទប់ស្កាត់ក្មេងទំនើង យើងធ្លាប់ឯកភាពគ្នាធ្វើកិច្ចការធំៗបានច្រើនមិនគួរទុកចន្លោះប្រហោងឱ្យក្មេងទំនើងបង្កបទល្មើសនៅខេត្តរបស់យើងនោះទេ។ បទល្មើសមានការថមថយក្រោយពីការដាក់ ចេញការត្រួតពិនិត្យគ្រឿងស្រវឹង គ្រឿងញៀនតាមដងផ្លូវសាធារណៈ មកដល់បច្ចុប្បន្នគឺសូន្យ អាវុធក៏មិនដែលរកឃើញ ដល់ពេលវេលាដែលយើងត្រូវប្រមូលកម្លាំង សរុបធ្វើកិច្ចការជាមួយក្រុមក្មេងទំនើងឱ្យមានប្រសិទ្ធភាព។ ទី២.វិធានការរដ្ឋបាល៖ ទីតាំងណាដែលមានក្មេងទំនើងប្រមូលផ្តុំ មិនចាំបាច់ឱ្យ ពួកគេធ្វើសកម្មភាពមុននោះទេ គឺព័ទ្ធត្រួតពិនិត្យធ្វើការឆែកឆេររកមើលអាវុធមានដូច កាំបិត ពូថៅ ថ្នាំញៀន ឬជាតិស្រវឹង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ គណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៥ និងកម្លាំងចលតរបស់ស្នងការ និងកងរាជអាវុធហត្ថចេញប្រតិបត្តិការគ្រប់គោលដៅ ហើយគោលដៅដែលមានការសង្ស័យច្រើន គឺនៅក្នុងក្រុងព្រះសីហនុ ដោយប្រើប្រាស់ ជំនាញស៊ីបអង្កេត ល្បាតជាស៊ីវិល និងឯកសណ្ឋាន។ ក្រោយពីយើងប្រមូល អ្នកមានសារធាតុញឿនចូលក្នុងមណ្ឌលអប់រំកែប្រែ ស្ដារនីតិសម្បទា អ្នកញឿនគ្រឿង ញៀននៅឃុំកែវផុស វាក៏គ្របដណ្តប់ទៅលើក្មេងទំនើងមួយផ្នែកធំ គឺពួកដែលមាន សារធាតុញឿន។ ចំពោះកងកម្លាំងផ្សេងៗទៀត សូមជួយគាំទ្រក្នុងក្របខ័ណ្ឌក្រុង ស្រុក ធ្វើកិច្ចការនេះឱ្យបានពេញលេញ ប្រសិនបើយើងគ្រប់គ្រងក្មេងទំនើងបាន បញ្ហាសន្តិសុខសុវត្ថិភាព សាធារណៈត្រូវបានកាត់បន្ថយ។ មន្ទីរអប់រំ ត្រូវបន្តអប់រំផ្សព្វ ផ្សាយលប់បំបាត់កុំ ឱ្យមានបង្កើតក្រុម និងការណាត់ជួបគ្នារបស់សិស្ស ការណាត់ជួបគ្នា គឺជាសមភូមិថ្មី សម្រាប់បង្កអសន្តិសុខសង្គម។ ដូច្នេះប្រសិនបានដឹងរឿងក្មេងៗណាត់ជួបគ្នា ត្រូវបញ្ជូនព័ត៌ ឬរាយការណ៍ឱ្យបានលឿនឆាប់មកអាជ្ញាធរភូមិ ឃុំ សង្កាត់ និងគណ:បញ្ជាការក្រុង ស្រុកចុះធ្វើប្រតិបត្តិការទប់ស្កាត់ ហើយការងារនេះ គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋ មហាជន និងយុវជនរបស់យើងផងដែរ។ ទី៣.វិធានការច្បាប់៖ ចំពោះក្រុមក្មេងទំនើង ត្រូវបើកការស្រាវជ្រាវដូចសំណុំរឿងព្រហ្មទណ្ឌ ឱ្យដល់ឬសគល់ភូមិ ឃុំ សង្កាត់។ ការចុះប្រតិបត្តិការត្រួតពិនិត្យ ត្រូវចាត់តាំងក្រុម ការងារថតរូបផ្សព្វផ្សាយឱ្យបាន ទូលំទូលាយប្រកបដោយវិជ្ជាជីវៈ ត្រូវគោរព សិទ្ធិបុគ្គលផងដែរ។ យើងត្រូវធ្វើការបង្ក្រាបសំបុកក្រុមក្មេងទំនើង កុំឱ្យពួកគេមានឱកាស អុកឡុកបង្កអសន្តិសុខសាធារណៈនៅក្នុងសង្គម។ មន្ទីរព័ត៌មាន មន្ទីរវប្បធម៌ខិតខំ ធ្វើការផ្សព្វផ្សាយអំពីសកម្មភាពល្អ និងសកម្មភាពអាក្រក់របស់ក្មេងទំនើង បើធ្វើល្អយើង លើកទឹកចិត្ត ហើយការផ្សព្វផ្សាយនេះ ជាសមភូមិមួយក្នុងការចូលរួមទបស្កាត់ ប្រឆាំងជាមួយ ក្រុមក្មេងទំនើងនេះផងដែរ យើងត្រូវធ្វើរដ្ឋបាលកន្លែងប្រមូល ផ្តុំរបស់ក្មេងទំនើង ត្រូវមានវិធានកំណត់មុខសញ្ញាបង្ក្រាប និងអនុវត្ដន៍ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីភូមិ ឃុំ សង្កាត់របស់យើងមានសុវត្ថិភាព៕
ប្រភព៖ AKP