ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ «អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចអ្នក» មិនមែនជាសារអប់រំហួសសម័យឡើយ

0

ភ្នំពេញ៖ «​អ្នក​អាច​ភ្លេច​អេ​ដស៍ តែ​អេ​ដស៍​មិន​ភ្លេច​អ្នក​» មិនមែន​ជា​សារ​អប់រំ​ហួស​សម័យ​ឡើយ ព្រោះថា​យើង​នៅ​តែ​មាន​អ្នក​ឆ្លង និង​នៅ​តែ​មាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅឡើយ បើ​ទោះបីជា​មាន​តិចតួច​ក៏​ដោយ​ចុះ​។

នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ពិធី​ប្រកាស​សមាសភាព​គណៈកម្មាធិការ និង​លេខាធិការដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​/​កាមរោគ ក្រសួងមហាផ្ទៃ និង​ពិធី​ផ្សព្វផ្សាយ គោលនយោបាយ​ជាតិ​បញ្ចប់​អេ​ដស៍​និង​ចីរភាព​កម្មវិធី​អេ​ដស៍ ឆ្នាំ​២០២៣-២០២៨ នៅ​ទីស្តីការក្រសួង កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៤​។

ប្រមុខ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ពាក្យ​មួយ​ឃ្លា​ដែល​គេ​និយាយ​ជា​ទូទៅ​ថា អ្នក​អាច​ភ្លេច​អេ​ដស៍​បាន តែ​អេ​ដស៍​មិន​ភ្លេច​អ្នក​ទេ គឺជា​ប្រយោគ​អប់រំ​បែប​ប្រាកដនិយម និង ជា​សារ​ដាស់សតិ​ជន គ្រប់​រូប​កុំឱ្យ​ភ្លេចខ្លួន​ឱ្យ​សោះ ចំពោះ​មេរោគ​អេ​ដស៍ ជា​ពិសេស​ដែល​ភាគ ច្រើន​វា​កើត​ចេញពី​ការ​សប្បាយ​ភ្លេចខ្លួន និង​ការ​ធ្វេសប្រហែស​របស់​អ្នក​ប្រព្រឹត្ត​តែ​មួយ​ភ្លែត​។

នា​ឱកាស​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ស្ញើ​ច​សរសើរ​ជា​ពិសេស នូវ​ផែនការ​បន្ស៊ី​សកម្មភាព​មនុស្សធម៌ ដោយ​ផ្តោត​ទៅ​លើ​ក្រុម​ជន​ងាយ​រង​គ្រោះ និង​ប្រជា ជន​គន្លឹះ ដែល​មាន​ភាព​ត្រួតស៊ីគ្នា​នៃ​បញ្ហា ជា​ឧទាហរណ៍ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ជា​មនុស្ស មាន​ផ្ទុកមេរោគ​អេ​ដស៍ មាន​ពិការ​ភាព និង​រស់នៅ​គ្មាន​ទីពឹង ។​ល​។ ដែល​ក្រុម​បុគ្គល​ទាំងនោះ មានការ​ខ្វះខាត​ច្រើន​។

ឯកឧត្តម​បាន​បន្ត​ថា នៅ​ចន្លោះ​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០០០ ការ​ឆ្លង​រាលដាល នៃ​មេរោគ​អេ​ដស៍​នៅ កម្ពុជា​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស និង​ឈាន​ដល់​ចំណុច​ខ្ពស់ បំផុត​នៅ​ឆ្នាំ​១៩៩៨​។ ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​មេរោគ​អេ​ដស៍​នេះ គ្រប់​ស្ថាប័ន​រាជ រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍​រួម​មាន ម្ចាស់​ជំនួយ អង្គការសហប្រជាជាតិ អង្គការ​សង្គម​ស៊ី​វិល បាន​សហការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ស្អិត​ល្មួត ក្នុង​ការ​ទប់ស្កាត់​ការ​រាលដាល​នៃ​មេរោគ អេ​ដស៍​នេះ​។

សូម​បញ្ជាក់​ថា សម្រាប់​ក្រសួងមហាផ្ទៃ នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០១៩ ដើម្បី​ចូលរួម ចំណែក​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​មេរោគ​អ​ដស៍ និង​បញ្ចប់​មេរោគ​នេះ សម្តេច​ក្រឡាហោម ស ខេ​ង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្រេច បង្កើត​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​/​កាមរោគ សម្រាប់​ក្រសួងមហាផ្ទៃ​ឡើង ព្រមទាំង​មាន​អាណត្តិ​ជាក់លាក់ ហើយ​បច្ចុប្បន្ន លោក​ជំទាវ អុង សុភា​វី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួល​ភារកិច្ច​ជា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​/​កាមរោគ ក្រសួងមហាផ្ទៃ​៕

ប្រភព៖ AKP