ភ្នំពេញ៖ ព្រះរាជពិធីដង្ហែនិងថ្វាយ ព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃ ព្រះរាជាណាចក្រកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។
ដើម្បីរៀបចំព្រះរាជពិធីនេះ ឱ្យសក្តិសមនឹងព្រះគុណូបការៈដ៏ធំធេងរបស់សម្តេច ដែលបានបូជាថ្វាយចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសម្តេចបានខិតខំអស់ពីព្រះកាយពល ក្នុងការដឹកនាំព្រះសង្ឃ ការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យបានឧត្ដុង្គឧត្តមឡើងវិញ អស់មួយព្រះជន្មព្រះអង្គ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បានណែនាំឲ្យ៖
១-ប្រកាសថ្ងៃកាន់ទុក្ខជាផ្លូវការ លើកទី២ រយៈពេល១(មួយ)ថ្ងៃ គឺថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤
២- គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរបស់រដ្ឋនិងឯកជនទាំងអស់ គ្រប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ មួយភាគបីនៃដង ពីលើចុះមកក្រោម។
និង៣- គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិនិងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយនូវទស្សនីយភាព ផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។
សូមរម្លឹកផងដែរថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ទ្រង់បានយាងចូលព្រះទិវង្គតនៅវត្តឧណ្ណាលោម កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលា ម៉ោង១៧:៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្ម៩៣ព្រះវស្សា។ ជាមួយគ្នានោះរាជរដ្ឋាភិបាល បានប្រកាសយកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការ ព្រមទាំងបាននិងកំពុងរៀបចំព្រះរាជពិធីបុណ្យ ថ្វាយព្រះបរមសព ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមនិងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ សក្តិសមនឹង ព្រះកិត្តិនាមនិងព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចព្រះមហាសង្ឃរាជ៕
ប្រភព៖ ក្រសួងព័ត៌មាន