ភ្នំពេញ៖ ស្ថិតនៅក្នុងកាលៈទេសៈដែលសេដ្ឋកិច្ច និងសង្គមកម្រិតសកលនិងតំបន់នានាមានហានិភ័យ រដ្ឋាភិបាលកម្ពុជាបានបង្ហាញយុទ្ធសាស្ត្រ នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែមានសន្ទុះកាន់តែខ្លាំងក្លា ដែលបញ្ចៀសអោយបាននូវផលប៉ះពាល់ទាំងនោះពីក្រៅប្រទេស។
យោងតាមផែនការយុទ្ធសាស្ត្រថវិកាជាតិសម្រាប់ឆ្នាំ២០២៥ខាងមុខនេះ រដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញការកែទម្រង់ជារចនាសម្ព័ន្ធ និងជាប្រព័ន្ធ ព្រមទាំងពង្រឹង ការកសាងភាពធន់នៃសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែរឹងមាំ និងមានភាពឆ្លើយតបខ្ពស់ តាមរយះការងារអាទិភាព ដូចខាងក្រោមនេះ៖
១• ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការពង្រឹងគុណភាពវិស័យអប់រំ, កីឡា, វិទ្យាសាស្ត្រ, និងបច្ចេកវិទ្យានិងការបណ្តុះបណ្តាលជំនាញបច្ចេកទេស។
២• ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង តាមរយៈការអភិវឌ្ឍវិស័យនៃប្រភពកំណើន សេដ្ឋកិច្ចគន្លឹះ និងថ្មីៗ; ការលើកកម្ពស់វិស័យថាមពល, វិស័យទឹកស្អាត និងវិស័យឌីជីថល; ការកែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ។
៣• ការអភិវឌ្ឍវិស័យឯកជន និងការងារ តាមរយៈការអភិវឌ្ឍទីផ្សារការងារ; ការលើកស្ទួយសហគ្រាស ធុនតូច និងមធ្យម, ធុរកិច្ចថ្មី, ការពង្រឹងការប្រកួតប្រជែង និងយន្តការសេដ្ឋកិច្ចទីផ្សារ។
៤• ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន តាមរយៈ ការពង្រឹងភាពធន់ប្រជាសាស្ត្រ , ការគ្រប់គ្រងធនធានធម្មជាតិ, វប្បធម៌ និងទេសចរណ៍ ការលើកស្ទួយកសិកម្ម និងការប្រែប្រួលអាកាសធាតុ ។
៥• ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល តាមរយៈការកសាងរដ្ឋាភិបាល និងពលរដ្ឋឌីជីថល; ការអភិវឌ្ឍធុរកិច្ចឌីជីថល, ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ៕
ប្រភព៖ ក្រសួងព័ត៌មាន