កណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ អង្គភាពសារព័ត៌មាន ព្រាបនាំសារ ធីវី និងបណ្តាញសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយថា ល្បែងអាប៉ោងចំនួន ៥វង់ លេងយ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ចស្រុកល្វាឯម មិនបង្ក្រាប។
ក្រោយពីទទួលបានព័ត៌មានខាងលើរួច ដោយអនុវត្តតាមការអង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក មួង រដ្ឋា អធិការនគរបាលស្រុកល្វាឯម បានបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវករណីដែលបានចុះផ្សាយខាងលើ។
ជាលទ្ធផល៖
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅវត្ត មុនីឃោសារាម មានពិធីឆ្លងកុដិ និងសមិទ្ធផលនានា ស្ថិតភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល គណៈកម្មការវត្ត បានសុំច្បាប់សម្តែងល្ខោនបាសាក់ និងស្នេីរសុំកម្លាំងការពារក្នុងកម្មវិធីបុណ្យខាងលើ។
បន្ទាប់មកលោកអធិការ បានបញ្ជាឲ្យកម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែករៃ ចុះការពារពិធីខាងលើ។ នៅពេលកម្លាំងចុះទៅដល់ដោយមានប្រជាពលរដ្ឋច្រេីនក៏មានការកកស្ទះនៅលេីដងផ្លូវបន្តិចបន្តួច កម្លាំងសមត្ថកិច្ចក៏បានជួយសម្រួលចរាចរណ៍ ដេីម្បីកុំឲ្យមានការកកស្ទះ បានរយៈពេល ១៥នាទី ក៏មានបទបញ្ជា ពីលោកអភិបាលស្រុក និងលោកអធិការនគរបាលស្រុកល្វាឯម ឲ្យកម្លាំងសមត្ថកិច្ចទៅត្រួតពិនិត្យនៅក្រោយរោងល្ខោន ដោយសារមានអ្នកសារព័ត៌មាន រាយការណ៍ថាមានការលួចលេងល្បែងសុីសងខុសច្បាប់(អាប៉ោង)នៅទីនោះ ពេលកម្លាំងចុះទៅដល់ទីតាំងនោះ មិនបានជួបអ្នកលេងទេ។ ពេលនោះកម្លាំងសមត្ថកិច្ចក៏បានធ្វេីកាសាកសួរប្រជាពលរដ្ឋមកទស្សនាល្ខោននោះ បានឲ្យដឹងថា ពិតជាមានកាលួចលេងល្បែងស៊ីសងខុសច្បាប់(អាប៉ោង) ០១វង់ ពិតប្រាកដមែន ពេលនោះក៏មានអ្នកសារព័ត៌មានមួយក្រុមបានមកដល់ទីតាំងហេីយធ្វេីការថតរូប និងថតវីដេអូ ទៅលេីអ្នកលេងល្បែងសុីសងខុសច្បាប់(អាប៉ោង)ទាំងនោះ ហេីយក្រុមអ្នកលួចលេងល្បែងស៊ីសងខុសច្បាប់ បានប្រមូលសម្ភារៈរត់គេចខ្លួនអស់មុនសមត្ថកិច្ចចុះទៅដល់៕