រយៈពេលប្រាំខែ កម្ពុជា​ទទួលបានការវិនិយោគ ​១៤៧គម្រោង​ ជាមួយទឹកប្រាក់ជាង​ ២ ៧០០​លានដុល្លា​រ

0

ភ្នំពេញ៖ រយៈពេលប្រាំខែគិត​ចាប់ពី​ខែមករាដល់​ខែឧសភា ២០២៤​នេះ កម្ពុជា​ទទួល​បានគម្រោង​វិនិយោគដែល​ចុះបញ្ជី​ក្នុង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចំនួន​១៤៧ម្រោង មានទឹកប្រាក់​វិនិ​យោគ​សរុប​ ប្រមាណ២ ៧០០​លានដុល្លារ​អាមេរិក។

ក្នុង​ពិធីសំណេះសំណាល​ជា​មួយ​ពលរដ្ឋ​ និងពលករ​កូរ៉េ ក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញ​បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ កាលពីពេលកន្លងថ្មីកន្លងទៅនេះ(ថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤)

សម្ដេច​​​ធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់លើលទ្ធផលនេះថា ​ នេះគឺជា​លទ្ធផល​ដែលបានមកពីកា​រដើរទាក់ម៉ូយ​របស់​សម្ដេច ​​និងមន្ត្រី​ជាន់ខ្ពស់​ផ្សេងៗទៀត ហើយលទ្ធផល​នេះ​​ក៏មិនទាន់គិត​ចាប់តាំងពីការ​កកើត​រាជរដ្ឋាភិបាល​ថ្មីក្នុងអំឡុ​​ងខែ​សីហា ឆ្នាំ២០២៣​នោះដែរ ពោលគឺគិតពី​ខែមករា ដល់ខែ ឧសភា ២០២៤នេះតែប៉ុណ្ណោះ ។

សម្ដេចធិបតីបាន​បន្ថែមថា​ នៅក្នុងដំណើរ​ទស្សនកិច្ចរបស់​សម្ដេច​នៅក្នុងប្រទេស​កូរ៉េ រយៈ​ពេលប៉ុន្មានថ្ងៃនេះ ក៏​បានជួបជាមួយ​ក្រុមហ៊ុនធំៗរបស់កូរ៉េជាច្រើន ហើយ​ឃើញថា​កូរ៉េ​បាន​ចាប់​អារម្មណ៍​លើ​ការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែម។ ដូច្នេះ នៅ​ពេល​ខាងមុខនេះ កម្ពុជា​នឹងទទួលបានការ​វិនិយោគ​របស់កូរ៉េ​បន្ថែម​ទៀត។​

បើតាមឯកឧត្តម តាន់ ហ្សង់​ហ្វ្រង់​ស័រ រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី ថ្លែងក្នុងសន្និសីទកាសែតលោកថា កម្ពុជា​​គ្រោងនឹង​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ ​ដោយផ្ដោតលើតែ​វិនិ​យោគិ​ន​កូរ៉េ​​ប៉ុណ្ណោះ។ ការ​បង្កើត​តំបន់សេដ្ឋកិច្ច​នេះ នឹង​សម្រួល​ដល់​ការ​វិនិយោគពី​ប្រទេសកូរ៉េ​មកកាន់​កម្ពុជា​បានច្រើន ហើយក៏អាច​ទាក់ទាញ​វិនិយោគិនពីបណ្តាប្រទេសដទៃចូលមក​វិនិយោគ​នៅ​កម្ពុ​ជា​កាន់តែ​ច្រើន។

​ឯកឧត្តមបន្តថា ក្រៅពីតំបន់សេដ្ឋកិច្ចពិសេស​នេះ កម្ពុជា​ក៏បាន​ជំរុញឱ្យ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ផ្ដោតលើ​វិនិយោគិន​ជប៉ុន និង​វិនិយោគិន​ចិន ពោលគឺបង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ផ្ដោតលើ​វិនិយោ​គិ​នមកពីប្រទេស​មួយៗ​តែម្ដង ដែលនឹង​ធ្វើឱ្យវិនិយោគិន​ប្រទេស​​នោះ មានភាពងាយស្រួល​ជាងមុន​ ។​

ប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានបង្ហាញឱ្យឃើញថា ​រយៈពេល​បួនខែកន្លងទៅនេះ មានគម្រោង​វិនិយោគមួយចំនួន​មានទីតាំង​នៅ​​ក្នុងតំបន់សេដ្ឋកិច្ច​ ។ជាពិសេស​គម្រោង​វិនិ​យោគលើវិស័យឧស្សាហកម្ម​និង​មួយចំនួនទៀត​នៅក្រៅ​តំបន់សេដ្ឋកិច្ច​ពិសេស​។ ក្នុងនោះ​ក៏ឃើញគម្រោង​វិនិយោគ​ធំមួយ​បាន​បន្ថែមទុន​វិនិយោគ​របស់ខ្លួន​បន្ថែម​ទៀត គឺរោងចក្រ​ផលិត​សំបក​​កង់​យានយន្ត​នៅខេត្តស្វាយរៀង ដែលគម្រោងនេះ​នឹង​ជួយ​ផ្ដល់ឱកាស​ការងារ​ជាច្រើននិង​ជួយ​រក្សាតម្លៃ​កៅស៊ូរបស់កម្ពុជា​ឱ្យ​មានស្ថិរភាព​លើ​ទីផ្សារ​ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន