កំពង់ផែអន្តរជាតិកំពតតម្លៃ១៤០លានដុល្លារ នឹងសម្ពោធនៅដើមខែមិថុនា

0

កំពត៖ កំពង់​ផែ​អន្តរជាតិ​កំពត​ដំណាក់កាល​ទី​មួយ (KAMPOT INTERANTIONAL PORT) ដែល​ស្ថាបនា​ក្នុង​ទំហំ​ទឹកប្រាក់ ១៤០ លាន​ដុល្លារ នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៤ ខាង​មុខ​នេះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ។

កំពង់​ផែ​អន្តរជាតិ​កំពត​មា​នទី​តាំងនៅ​ភូមិ​គីឡូ ១២ សង្កាត់​កោះ​តូច ក្រុង​បូកគោ ខេត្តកំពត ។​ជា​គម្រោង​វិនិយោគ​ដោយ​ក្រុមហ៊ុន​កំពត​ផត ជា​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក ១០០​ភាគរយ ក្នុង​ទំហំ​ទឹកប្រាក់ ១៤០ លាន​ដុល្លារ​អាម៉េរិក​លើ​ផ្ទៃដី​២០៧​ហិ​កតា​របស់​អ្នកឧកញ៉ា វិញ ហ៊ួ​រ​។

យោង​តាម​ប្រភព AMS Economy បាន​ស្រង់​សម្ដី​ឯកឧត្តម ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ដោយ​បញ្ជាក់ ថា ក្រុមហ៊ុន Kampot Port Co., Ltd. ទទួល​បានការ​ឯកភាព​ជា​គោលការណ៍​ពី​រាជរដ្ឋាភិបាល​នា​ឆ្នាំ​២០០៧ លើ​ផ្ទៃដី​សរុប ៧០០​ហិ​កតា ដើម្បី​អភិវឌ្ឍ​កំពង់​ផែ​អន្តរជាតិ និង​តំបន់​សេដ្ឋកិច្ច​ពិសេស (Kampot SEZ)​។ ក្រុមហ៊ុន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​សាងសង់​កំពង់​ផែ ជា​កំពង់​ផែ​ទំនិញ និង​កុងតឺន័រ (KAMPOT INTERNATIONAL PORT) ស្ថិត​នៅ​ភូមិ​គីឡូ ១២ ឃុំ​កោះ​តូច និង​ឃុំ​បឹង​ទូក ស្រុក​កំពត ខេត្តកំពត ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១១​។ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ចេញ​លិខិតអនុញ្ញាត​សាងសង់​កំពង់​ផែ ជូន​ដល់​ក្រុមហ៊ុន ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៤​។

អ្នកនាំពាក្យ​ដដែល​បានឱ្យ​ដឹង​ថា កំពង់​ផែ KAMPOT INTERANTIONAL PORT ត្រូវ​សាងសង់​ជា​ពីរ​ជំហាន​ធំ​ៗ​គឺ ជំហាន​ទី​១- ជា​កំពង់​ផែ​បម្រើ​ដល់​ការ​លើកដាក់​ធ្យូងថ្ម ម្នាងសិលា និង​វត្ថុធាតុដើម​ផ្សេង​ៗ​ទៀត​។ កំពង់​ផែ​នេះ​បាន​បញ្ចប់​ការ​សាងសង់​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ ចំណត​ផែ​ជំហាន​ទី​១ នេះ មាន​ទំហំ ៣៥០​ម៉ែត្រ គុណ​នឹង ៣១.៥​ម៉ែត្រ ទទឹង​អាង​សម្រាប់​នាវា​បង្វិលខ្លួន​ប្រវែង ១៤០​ម៉ែត្រ និង​មាន​ជម្រៅ​ទឹក ៦.៥​ម៉ែត្រ អាច​ឱ្យ​នាវា​មាន​ចំណុះ​ផ្ទុក ៥០០០ តោន ចូល​ចត​បាន​។ កំពង់​ផែ ក៏​បាន​បំពាក់​ជញ្ជីង​សម្រាប់​ថ្លឹង​រថយន្ត​ចំណុះ ៧០ តោន ចំនួន មួយ​គ្រឿង​។ កំពង់​ផែ​ជំហាន​ទី​១​នេះ បាន​បន្ត​ធ្វើ​ប្រតិបត្តិការ​រហូត​ដល់​បច្ចុប្បន្ន​។

ចំណែក​ជំហាន​ទី​២- ជា​កំពង់​ផែ​បម្រើ​ដល់​ការ​លើកដាក់​ទំនិញ​ទូទៅ កុងតឺន័រ និង​អ្នកដំណើរ​។ ក្រុមហ៊ុន​បាន​ទទួល​លិខិតអនុញ្ញាត​ធ្វើ​ប្រតិបត្តិការ​កំពង់​ផែ​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចុះ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១​។ កំពង់​ផែ​នេះ​មាន​ទំហំ ៤៥០​ម៉ែត្រ គុណ​នឹង ៣០​ម៉ែត្រ និង​ជម្រៅ​ទឹក​ពី ១០​ម៉ែត្រ ទៅ ១២​ម៉ែត្រ អាច​ឱ្យ​នាវា​មាន​ចំណុះ​ផ្ទុក ១០ ០០០ តោន ចូល​ចត​បាន និង​មាន​ឃ្លាំង​សម្រាប់​ស្តុក​ទំនិញ​ធំ​ទូលាយ​ទំហំ ៥០​ម៉ែត្រ គុណ​នឹង ២០០​ម៉ែត្រ និង​ទីលាន​ផ្ទុក​កុងតឺន័រ​លើ​ផ្ទៃដី​ទំហំ ១០០ ហិ​កតា​។

បើ​តាម​អ្នកឧកញ៉ា វិញ ហ៊ួ​រ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​កំពត​ផត បាន​ប្រាប់​សារ​ព​ត៌​មាន​ក្នុងស្រុក​ថា កំពង់​ផែ​ទឹក​ជ្រៅ​ថ្មី​នេះ បាន​ចំណាយពេល​សាងសង់​អស់​រយៈពេល​ប្រាំ​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៤​។ កំពង់​ផែ​កំពត​ផត នឹង​អាច​ឱ្យ​នាវា​ដឹក​ទំនិញ​ចំណុះ ២០.០០០ តោន អាច​ចូល​បាន និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​លើកដាក់​ទំនិញ​ចេញ​-​ចូល បាន​ចំនួន​ប្រមាណ ២០០.០០០ TEU នៅ​ក្នុង​ដំណាក់កាល​ទី​១ ឆ្នាំ​២០២៤ និង​ប្រមាណ ៦០០.០០០ TEU សម្រាប់​ដំណាក់កាល​បន្តបន្ទាប់​ទៀត​។

គម្រោង​វិនិយោគ​ក្នុង​ដំណាក់កាល​ទី​១ នេះ​ចំណាយ​ថវិកា​អស់​សរុប ១៤០ លាន​ដុល្លារ លើ​ការ​សាងសង់​គម្រោង​មួយ​ចំនួន​មាន​ជា​អាទិ៍ ទីលាន​កុងតឺន័រ តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​ពាណិជ្ជកម្ម​សេរី ម​ជ្ឍ​មណ្ឌល ភស្តុ​ភារ​កម្ម ឃ្លាំង​ស្តុក​ទំនិញ​ចេញចូល​គ្រប់​ប្រភេទ ឃ្លាំង​ភណ្ឌាគារ​គយ រោងចក្រ​ផលិត និង​ចែកចាយ និង​ចំណត​នាវា ដែល​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ជាមួយ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់​ផែ​ក្រុងព្រះសីហនុ​។​អ្នកឧកញ៉ា​បន្ថែម​ថា មិន​ត្រឹមតែ​ជួយ​ជំរុញ និង​លើកកម្ពស់​ការ​នាំ​ចេញ​នាំ​ចូល​នោះ​ទេ កំពង់​ផែ​នេះ ក៏​នឹង​ជួយ​បង្កើន​ការងារ​នៅ​ក្នុង​ខេត្តកំពត និង​តំបន់​ជុំវិញ​ទៀត​ផង ដូច​ជា ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ​ផង​ដែរ​៕

ប្រភព៖ ក្រសួងព័ត៌មាន