ឆ្នេរអង្កោលកាន់តែមានភាពទាក់ទាញ ស្របពេលក្រុមអាជីវករកាន់តែយល់ដឹងអំពីបរិស្ថាន

0

កែប៖ ជា​ការ​ពិត​ណាស់ ការ​រស់នៅ​ប្រកបដោយ​អនាម័យ មាន​បរិយាកាស​ល្អ នឹង​ធ្វើ​ឱ្យ​ជីវិត​មាន​ភាព​ស្រស់ស្រាយ សុខភាព​ល្អ មាន​សុភមង្គល​។ យ៉ាងណាមិញ ឆ្នេរ​អង្កោល​ដែល​ជា​រមណីយដ្ឋាន​ស្ថិត​ក្នុង​អាណាចក្រ​ខេត្ត​កែប បាន និង​កំពុង​មាន​ភាព​លេចធ្លោ ខណៈ​ក្រុម​អាជីវករ​លក់ដូរ និង​ភ្ញៀវ​ទេសចរ កាន់តែ​យល់​ដឹង ពិសេស​ចូលរួម​សម្អាត​បរិស្ថាន ដូច​ជា​ការ​ទុកដាក់​កាក​សំណល់​សេសសល់ និង​សំរាម​បាន​ត្រឹមត្រូវ ដោយ​មិន​បោះចោល​រប៉ាត់រប៉ាយ​ដូច​មុន​ៗ​ទៀត​ឡើយ​។

គេ​នៅ​ចាំ​បាន​ដែរ​ថា កាលពី​ពេល​កន្លង​ទៅ​តំបន់​រមណីយដ្ឋាន​ឆ្នេរ​អង្កោល​នេះ តែងតែមាន​សំរាម​ដែល​លាយឡំ​គ្នា​ជាមួយ​ស្លឹក​រុក្ខជាតិ​គ្រប់​ប្រភេទ បានរ​សាត់អណ្តែត​តាម​ផ្ទៃ​ទឹកសមុទ្រ មក​កកកុញ​នៅ​នឹង​មាត់​ឆ្នេរ​អង្កោល​ជា​និច្ច​។ ប៉ុន្តែ​នា​ពេល​ថ្មី​ៗ​នេះ ថ្នាក់ដឹកនាំ​ខេត្ត​កែប​បាន​ជំរុញ​ដល់​មន្ទីរ​ជំនាញ​ធ្វើ​កម្មវិធី​ស្តី​ពី​ការ​អនាម័យ​សម្អាត​បរិស្ថាន ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​តំបន់ រួម​នឹង​អាជីវករ ធ្វើការ​សម្អាត​ប្រមូល​សំរាម កាក​សំណល់​ច្រក​ថង់​ប្លា​ស្ទិ​ក​គរ​ទុក​មួយ​កន្លែង​ៗ រួច​ដឹក​តាម​រថយន្ត​យក​ទៅ​ទីតាំង​ទុកដាក់​កាក​សំណល់​យ៉ាង​ត្រឹមត្រូវ​។

ដោយសារ​ឆ្នេរ​អង្កោល​កាន់តែ​មាន​ភាព​ទាក់ទាញ​បែប​នេះ មហាជន​ភាគច្រើន​មក​ពី​បណ្តា​ខេត្ត​ឆ្ងាយ ពិសេស​អ្នក​នៅ​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​លេង​កម្សាន្ត នៅ​មាត់​ឆ្នេរ​អង្កោល​កាន់តែ​ច្រើន​ឡើង​ៗ មិន​សំដៅលើ​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ​នោះ​ឡើយ​។ ជាមួយ​គ្នា​នេះ នៅ​រមណីយដ្ឋាន​ឆ្នេរ​អង្កោល ក៏​មាន​លក់​អាហារ​គ្រឿង​សមុទ្រ​គ្រប់​ប្រភេទ ស្រស់​ៗ​មាន​រសជាតិ​ឆ្ងាញ់ មិន​ចាញ់​អាហារ​គ្រឿង​សមុទ្រ​នៅ​មាត់​ឆ្នេរកែប​នោះ​ឡើយ ហើយ​តម្លៃ​សមរម្យ​អាច​ទទួលយក​បាន​ទៀត​ផង​។

ដូច្នេះ​បើ​បងប្អូន​មាន​បំណង​ចង់ទៅ​ស្រូប​យក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ ប្រកបដោយ​បរិយាកាស​ល្អ ខ្យល់​បក់​ត្រជាក់​ស្រួល សូម​ធ្វើ​ដំណើរ​ឆ្ពោះទៅ​លេង លំហែ នៅ​មាត់​ឆ្នេរ​អង្កោល ដែល​មាន​ចម្ងាយ​ពី​រមណីយដ្ឋាន​ឆ្នេរកែប​ប្រមាណ​៩​គ​.​ម ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ប្រប​មាត់សមុទ្រ ដែល​ទើបតែ​ស្ថាបនា​រួចរាល់ ដែល​មាន​ទំហំ​ធំ​ទូលាយ​ងាយស្រួល​ធ្វើ​ដំណើរ ដោយនៅ​អម​សងខាង​ផ្លូវ​គ្របដណ្តប់​ដោយ​ទេសភាព​ព្រៃកោងកាង​យ៉ាង​ស្រស់បំព្រង​៕

ប្រភព៖ AKP