ក្រុមហ៊ុនធំលំដាប់អន្តរជាតិ ចង់វិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចជិតព្រលានយន្តហោះ ដោយផ្តោតលើគម្រោងធំៗចំនួន ០៣

0

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា រួមជាមួយសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន YIG ដឹកនាំដោយលោក Lu Xiaolong ប្រធានក្រុមប្រឹក្សាភិបាល។ ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៍ធំមួយដែលមានសកម្មភាពក្នុងវិស័យដឹកជញ្ជូនផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងវិស័យថាមពលកកើតឡើងវិញ ។ល។ ហើយក៏ជាម្ចាស់ភាគហ៊ុនធំនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ។

ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន បានបង្ហាញនូវការកត់សម្គាល់អំពីភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា និងបានជម្រាបជូនអំពីបំណង ដើម្បីស្វែងរកការគាំទ្រដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន ហើយដែលការវិនិយោគនោះ គ្រោងនឹងផ្តោតលើសកម្មភាពបថមចំនួន៣ គឺ៖ ទី១-ការវិនិយោគថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ, ទី២-ការវិនិយោគក្នុងវិស័យទេសចរណ៍ និង ទី៣-ការវិនិយោគក្នុងវិស័យកសិកម្ម។

ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងវិនិយោគទាំងនេះនឹងជួយចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេស ការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានជំរុញឱ្យភាគីចិនជួយទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើន ពិសេស ខេត្តសៀមរាប ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការគិតគូរក្នុងការវិនិយោគកែច្នៃកសិផលកម្ពុជា ដើម្បីបម្រើឱ្យការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងការនាំចេញ ជាពិសេស ការជំរុញការនាំចេញនៅនឹងកន្លែងតាមរយៈភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន