សមត្ថកិច្ច បញ្ជាក់ជុំវិញករណីចោទមន្ត្រីនគរបាលចរាចរណ៍ នៅគោលដៅស្តុបច្រមុះជ្រូកក្បាលថ្នល់ បានឃាត់ម៉ូតូ ដែលបំពាក់អំពូលភ្លើងស៊ីញ៉ូ LED ពណ៌ស ខុសលក្ខណៈបច្ចេកទេស និងផាកពិន័យចំនួន ៨ម៉ឺនរៀល

0

ភ្នំពេញ៖ ក្រោយ​ពី​បានឃើញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម ជា​ពិសេស​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ពណ៌ Film ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ធ្វើការ​ស្រាវជ្រាវ​ករណី​នេះ ដោយ​បាន​កោះហៅ​លោក​អនុសេនីយ៍ឯក អំ នាង ប្រធាន​គោលដៅ​ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់ មក​បំភ្លឺ​។ កាលពី​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​១០:០០​នាទី មន្ត្រី​នគរបាល​ចរាចរណ៍​ប្រចាំការ​នៅ​គោល​ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់ បាន​ធ្វើការ​ឃាត់​ម៉ូតូ​ម៉ាក HONDA SCOOPY ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1IV-3640 ពាក់ព័ន្ធ​ករណី​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ប្រើប្រាស់​អំ​ពូ​ល LED ពណ៌​ស ដាក់​ស៊ី​ញ៉ូ​មុខក្រោយ ដើម្បី​អប់រំ​ណែនាំ​អំពី​កំហុស ដែល​បាន​បំពាក់​ភ្លើង​ខុស​លក្ខណៈ​បច្ចេកទេស និង​អនុញ្ញាត​ឱ្យ​គាត់​បន្តដំណើរ​ទៅ​មុខ ដោយ​មិន​មានការ​ផាកពិន័យ​នោះ​ទេ​។

May be an image of car, lighting and text

បន្ទាប់​មក​មន្ត្រី​ជំនាញ​ការិយាល័យ បាន​អញ្ជើញ​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ពណ៌ Film ដែល​មានឈ្មោះ មួ​ង វ​ណ្ណា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ អ្នកនិពន្ធ និង​ដឹកនាំ​សម្តែង សួរនាំ​ជុំវិញ​បញ្ហា​នេះ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៤​។ សមត្ថកិច្ច​បាន​ធ្វើការ​ពន្យល់​ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជំពូក​ទី​៣ មាត្រា​៦​ថ្មី ចំណុច​ទី​២ “​ត្រូវ​ពិន័យ​ទឹកប្រាក់​ចំនួន ៨០,០០០​រៀល ចំពោះ​អ្នកបើកបរ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើស ដាក់​តាំង​ភ្លើង និង​ភ្លើង​សញ្ញា​នៃ​យាន​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។

ដោយ​អនុវត្ត​តាម​ការ​ណែនាំ និង​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កន្លង​មក​យានយន្ត​ដែល​បំពាក់​ភ្លើង​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស មិន​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​ធ្ងន់ធ្ងរ គឺ​គ្រាន់តែ​អប់រំ​ណែនាំ​ម្ចាស់​យានយន្ត​តែ​ប៉ុណ្ណោះ ដោយ​សមត្ថកិច្ច​មិន​បាន​ធ្វើការ​ផាកពិន័យ​នោះ​ទេ ដូច​ជា​ករណី​នេះ សមត្ថកិច្ច​ក៏​មិន​បាន​ផាកពិន័យ​គាត់​ទេ​។

May be an image of scooter and text

បន្ទាប់​ពី​ណែនាំ​ពន្យល់​រួច ម្ចាស់​ម៉ូតូ​បាន​សារភាព​ថា សមត្ថកិច្ច​មិន​ផាកពិន័យ​គាត់​ទេ និង​យល់ព្រម​ទទួលស្គាល់​កំហុស​ដោយ​យល់ព្រម​លុប​វី​ដេ​អូ​ដែល​បាន​បង្ហោះ​នោះ​ចេញ​ផង​ដែរ​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ