កណ្តាល៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអញ្ជើញថ្លែងសារពិសេស ស្តីពី “ព្រែកជីកហ្វូណនតេជោ” នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅក្រុងតាខ្មៅ បានបញ្ជាក់ថា ការជីកព្រែកហ្វូណនតេជោ ជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជាសុទ្ធសាធ មិនស្ថិតក្រោមគំនិតផ្ដួចផ្ដើចនៃគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិននោះទេ។
សម្ដេចតេជោ បញ្ជាក់បែបនេះ បន្ទាប់ពីមានសារព័ត៌មានបរទេស និងអ្នកវិភាគមួយចំនួន បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា គឺស្ថិតក្រោមគំនិតផ្ដួចផ្ដើចខ្សែក្រវាត់ និងផ្លូវរបស់ចិន។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការលើកឡើងរបស់អ្នកកាសែតបរទេស ដែលមិនមានមូលដ្ឋានបែបនេះ ថាជារឿងឆោតល្ងង់សុទ្ធសាធ។
តាមសម្ដេចតេជោ ការជីកព្រែកហ្វូណនតេជោ គឺដើម្បីឯករាជ្យខាងនយោបាយដឹកជញ្ជូន ផលចំណេញផ្នែកសេដ្ឋកិច្ច លើការដឹកជញ្ជូនលើផ្លូវទឹកទៅថ្ងៃអនាគត៕
ប្រភព៖ ក្រសួងព័ត៌មាន