វេទិកាផ្គូផ្គង រវាងអ្នកផលិត អ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក

0

កំពង់ធំ៖ ឯកឧត្តម​បណ្ឌិត សួង ណ​យ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា ភូមិ​១​ផលិតផល​១ នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី បាន​អញ្ជើញ​បើក​វេទិកា​ផ្គូផ្គង​រវាង​អ្នក​ផលិត អ្នកទិញ​និង​ការ​តាំង​បង្ហាញ​ផលិតផល​ក្នុង​ស្រុកក្រោម​គម្រោងការ​ទទួល​បាន​ទីផ្សារ សម្រាប់ អ្នក​ផលិត​ក្នុងស្រុក និង​សហគ្រាស​ធុន​មីក្រូ​តូច​និង​មធ្យម (​ភូមិ​១​ផលិតផល​១) នៅ ខេត្តកំពង់ធំ​កាលពី​ថ្ងៃ​ពុធ ៨​កើត ខែ​ពិសាខ ឆ្នាំរោង​ឆស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤​។

ពិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ងួ​ន រតនៈ អភិបាលខេត្ត​និង​ជា​ប្រធាន គណៈកម្មការ​ភូមិ​១​ផលិតផល​១​ខេត្តកំពង់ធំ លោក ជា វ៉ា​ន់​ចាន់​អភិបាលរង​ខេត្តកំពង់ធំ និង​ម្ចាស់​អាជីវកម្ម​លក់​ទិញ​ជា​ច្រើន​នាក់​ទៀត​។

លោក ជា វ៉ា​ន់​ចាន់ បាន​បញ្ជាក់​ថា មន្ទីរ​ទេសចរណ៍ អញ្ជើញ​ម្ចាស់​អាជីវកម្ម ឬ​អ្នក​ទទួល​បន្ទុក​ទិញ ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​, មន្ទីរ​ពាណិជ្ជកម្ម​អញ្ជើញ​ម្ចាស់​អាជីវកម្ម ឬ​អ្នក​ទទួល​បន្ទុក​ទិញ​,​មន្ទីរ​ឧស្សាហកម្ម អញ្ជើញ​ម្ចាស់​អាជីវកម្ម​ឬ​អ្នក​ទទួល​បន្ទុក ទិញ​វត្ថុធាតុដើម ដើម្បី​យក​ទៅ​កែ​ច្នៃ វេច​ខ្ចប់ លក់​ក្នុងស្រុក និង​នាំ​ចេញ​។ អញ្ជើញ​អ្នក​ផលិត កែ​ច្នៃ វេច​ខ្ចប់​ក្នុង​ខេត្ត ដើម្បី​យក ផលិតផល​មក​បង្ហាញ និង​លក់ ហើយ​ជួយ​ទិញ​ផលិត ផល​វត្ថុធាតុដើម​យក​ទៅ​កែ​ច្នៃ​បន្ថែម​។ មន្ទីរ​កសិកម្ម​,​មន្ទីរ​កិច្ចការ​នារី​,​មន្ទីរ​អភិវឌ្ឍន៍​ជន បទ​និង​មន្ទីរ​បរិស្ថាន អញ្ជើញ​ម្ចាស់​អាជីវកម្ម សហគមន៍ អ្នក​ផលិត​ក្នុង​ខេត្ត ដើម្បី​យក​ផលិតផល​មក​បង្ហាញ និង​លក់​។

ឯកឧត្តម ងួ​ន រតនៈ អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈកម្មការ​ភូមិ​១​ផលិតផល​១ ខេត្តកំពង់ធំ បាន​សម្ដែង​នៅ​ការ​ភ្ញាក់ផ្អើល​ដែល​ឃើញ​ផលិតផល​ខេត្តកំពង់ធំ​មានគុណ​ភាព សោភណភាព សម្រាប់​លើក​កិត្តិនាម​ក្នុង​ខេត្តកំពង់ធំ​។

ឯកឧត្តម​អភិបាលខេត្ត បាន​ផ្ដាំផ្ញើ​ដល់​សិប្បករ ផលិតករ កសិករ បន្ត​ខិតខំ​ការ​ផលិត ការ​កែ​ច្នៃ​ឱ្យ​កាន់តែ​មានគុណ​ភាព​បន្ត​ទៀត ព្រមទាំង​ជំរុញ​អាជ្ញាធរ​ក្នុង​ខេត្ត​ទាំងមូល ចូលរួម​ប្រើប្រាស់​ផលិតផល​ខ្មែរ ជា​ពិសេស​ផលិតផល​ក្នុង​ខេត្តកំពង់ធំ​។ ក្នុង​នាម​អាជ្ញាធរ​ខេត្ត ឯកឧត្តម​បាន​ជំរុញ​ឱ្យ​រដ្ឋបាល​ខេត្តកំពង់ធំ ជួយ​ទិញ​ផលិតផល​ក្នុងស្រុក ដើម្បី​រៀបចំ​ជា កាដូ​សម្រាប់​ទទួលភ្ញៀវ​មក​ទស្សនកិច្ច​ក្នុង​ខេត្តកំពង់ធំ​។

ជាមួយ​គ្នា​នោះ ឯកឧត្តម​បណ្ឌិត សួង ណ​យ បាន​បង្ហាញ​ពី​គោលបំណង​នៃ​វេទិកា ផ្គូផ្គង​អ្នក​ផលិត​ខ្មែរ ជាមួយ​អ្នកទិញ យោង​តាម​ការ​ចង្អុលបង្ហាញ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​ស្ថាបនិក​ភូមិ​១​ផលិតផល​១ សម្តេច​បាន​សុំ​ឱ្យ ធ្វើការ​រួម​គ្នា​(​ចង្កឹះ​មួយ​បាច់​) ដើម្បី​ឈាន​ទៅ​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស យោង​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់ រាជរដ្ឋាភិបាល​តាម​សំណូមពរ​របស់​សមាជិក​ភូមិ​១​ផលិតផល​១​និង​អ្នក​ផលិត ផលិតផល​ខ្មែរ សុំ​ឱ្យ​ជួយ​រក​ទីផ្សារ​លក់​ផលិតផល ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​ដើម្បី​ដោះស្រាយ បញ្ហា​ប្រឈម​ទីផ្សារ​ផលិតផល​ខ្មែរ និង​អ្នកទិញ​ក្នុងស្រុក ក្នុង​ការ​នាំ​ចេញ​នៅ​នឹង​កន្លែង ឈាន​ទៅ​ដល់​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ដើម្បី​ផ្សារ​ភ្ជាប់​រវាង​អ្នក​ផលិត និង​អ្នកទិញ​ជា បណ្តាញ​ប្រទាក់ក្រឡា​គ្នា​រវាង​អ្នក​ផលិត​យល់​ដឹង​អំពី​តម្រូវការ​ទីផ្សារ ការ​វេច​ខ្ចប់ សោ​ភណ្ឌ​ភាព គុណភាព បរិមាណ ស្តង់ដា អនាម័យ តម្លៃ ផលិត​តាម​តម្រូវ ការ​របស់​អ្នកទិញ​។

ឯកឧត្តម​បណ្ឌិត សួង ណ​យ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី បាន​លើក​ឡើង​ថា​អ្នក​ផលិត​ក្នុងស្រុក និង​សមាគម ធុរកិច្ច ដើម្បី​បង្កើន​គុណភាព និង​ទីផ្សារ​នៃ​ផលិតផល​ក្នុងស្រុក យើង​ធ្វើការ​លើ​ការ​កសាង បណ្តាញ​ទីផ្សារ ដើម្បី​ឱ្យ​ប្រទាក់ក្រឡា​គ្នា​រវាង​អ្នក​ផលិត និង​អ្នកទិញ​យក​ទៅ​ប្រើប្រាស់ កែ​ច្នៃ​វេច​ខ្ចប់ ផលិតផល​ក្នុងស្រុក​ដើម្បី​លក់​បន្ត និង​ឈាន​ទៅ​ការ​នាំ​ចេញ​។

ឯកឧត្តម​បណ្ឌិត បាន​សំណើសុំ​ឱ្យ​ភោជនីយដ្ឋាន រមណីយដ្ឋាន រង្គសាល ហាង​បាយ ផ្ទះសំណាក់ សូម​យក​ផលិតផល​ខ្មែរ​ដាក់​លើ​តុ ក្នុង​បន្ទប់ លក់​ជូន​ភ្ញៀវ តុ​ការ​ធ្វើ​ជា​ម្ហូប​។ ថ្នាក់ដឹកនាំ និង​បងប្អូន សូម​យក​ផលិតផល​ខ្មែរ​ជា​កាដូ​ជូន​ញាតិ​មិត្ត​៕

ប្រភព៖ AKP