ដែនជម្រកសត្វព្រៃលំផាត់ជាទីតាំងដ៏សំខាន់សម្រាប់ផ្តល់ទីជម្រកសត្វត្មាតភ្លើង

0

ភ្នំពេញ៖ ត្មាតភ្លើង គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ មាន​ដងខ្លួន​ពណ៌​ខ្មៅ ក្បាល និង​ជើង​ក្រហម ភ្លៅ​មាន​រោម​ពណ៌​ស និង​មាន​ឆ្នូត​ស តាម​បណ្ដោយ​កណ្ដាល​ស្លាប​។ ចំពោះ​ត្មាតភ្លើង មាន​កម្ពស់​ចាប់ពី ៧៦​សង់ទីម៉ែត្រ​ទៅ​៨៦​សង់ទីម៉ែត្រ​។ ត្មាតភ្លើង​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​ដែល​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​។ សត្វ​ត្មាតភ្លើង​កំពុង​រង​ការ​គំរាមកំហែង​ដោយសារ​ការ​បាត់បង់​ទីជម្រក ខ្វះ​ចំណីអាហារ និង​ការ​បំពុល​ជាដើម​។ ជា​រៀង​រាល​ឆ្នាំ​ត្មាតភ្លើង​តែងតែ​បង្ហាញខ្លួន​នៅ​ភាគ​ខាងជើង និង​ខាងកើត​នៃ​ប្រទេស​កម្ពុជា​។ សម្រាប់​រដូវ​បន្ត​ពូជ​វិញ គឺ​ចាប់​ខែតុលា ដល់​ខែមេសា​។

អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (NatureLife Cambodia) បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ ឧសភា ឆ្នាំ ២០២៤ ថា ដែនជម្រកសត្វព្រៃ​លំ​ផាត់​គឺ​ទីតាំង​ដ៏​សំខាន់​មួយ​ក្នុង​ការ​គាំទ្រ​ការ​រស់នៅ​របស់​សត្វ​ត្មាតភ្លើង​។ ក្រុមការងារ​របស់​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា សហគមន៍ និង​ឧ​ទ្យា​នុ​រក្ស​តែងតែ​ធ្វើការ​អង្កេត​តាមដាន​ពី​វត្តមាន​របស់​វា​ជា​ប្រចាំ ដោយ​ដាក់​កា​ម៉េ​រា​ស្វ័យប្រវត្តិ​តាម​ត្រពាំង និង​អង្កេត​ពេល​វា​ចុះ​ស៊ី​សាកសព​សត្វ​គោក្របី​។

អង្គការ​នេះ​បានឱ្យ​ដឹង​ដែរ​ថា ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៤ គេ​បាន​កត់ត្រា​វត្តមាន​របស់​ត្មាតភ្លើង​ចំនួន​២​ក្បាល កំពុងស៊ី​សាកសព​សត្វ​គោ នៅ​ភូមិ​ស្រែ​ជ្រៃ និង​សត្វ​មួយ​ក្បាល​បាន​ចុះ​ផឹកទឹក​នៅ​ត្រពាំង​ដែល​បាន​ស្តារ​។ ជាមួយ​គ្នា​នេះ​ដើម្បី​ដឹង​ឱ្យ​កាន់តែ​ច្បាស់​ពី​ស្ថានភាព​ប្រជា​សាសន៍​របស់​សត្វ​ត្មាតភ្លើង​នៅ​តំបន់​ទេសភាព​នេះ អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​នឹង​ចាប់​រៀបចំ​អាហារ​ដា្ឋ​ន​ត្មាត​ចល័ត​ចំនួន​១២​ខែ ដោយ​គឺ​ចាប់​ខែមិថុនា​នេះ​តទៅ​។ ការ​ចុះ​មក​ស៊ី​សាកសព​សត្វ​របស់​សត្វ​ត្មាត​ដែល​ផ្តល់​ឱ្យ​ក្នុង​អាហារ​ដ្ឋា​ន​ត្មាត​អាច​ឱ្យ​យើង​កំណត់​ចំនួន​អប្បបរមា និង​ទីតាំង​ដែល​សត្វ​ភ្លើង​កំពុង​មាន​វត្តមាន​។

គួរ​បញ្ជាក់​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សត្វ​ត្មាត​ចំនួន​៣​ប្រភេទ គឺ​ត្មាតភ្លើង ត្មាត​ត្នោត និង​ត្មាតផេះ​។ ត្មាត​មាន​ចំណុច​សម្គាល់ និង​មាន​ភាព​ខុស​ប្លែក​គ្នា ទៅ​តាម​ប្រភេទ​នីមួយ​ៗ​របស់​វា​ផង​ដែរ​៕

ប្រភព៖ AKP