ប្រជាពលរដ្ឋស្រុកព្រៃនប់ មមាញឹកក្នុងការភ្ជួររាស់ សាបព្រោះដំណាំស្រូវរដូវវស្សាបានចំនួន ៥ ៤០៥ហិកតា ស្មើជាង ៤០,៦៤ភាគរយ

0

ព្រះសីហនុ៖ តាម​ការ​ឱ្យ​ដឹង​ស្ដី​ពី​ការ​ចុះ​ស្រង់​ស្ថិតិ​របស់​ការិយាល័យ​គ្រឿងយន្ត​កសិកម្ម និង ការិយាល័យ​ក្សេ​ត​សាស្ត្រ និង​ផលិតភាព​កសិកម្ម នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ព្រះ​សីហ​នុ ក្នុង​ការ​ចុះ​ស្រង់​ទិន្នន័យ នៃ​ការ​បង្កបង្កើន​ផលដំណាំ​ស្រូវ​រដូវវស្សា​គិត ត្រឹម​ថ្ងៃ​សៅរ៍ ៤​កើត ខែ​ពិសាខ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៤​។

តាម​ការ​ស្រង់​ទិន្នន័យ នៃ​ការ​ចុះ​អង្កេត​ការ​បង្កបង្កើន​ផលដំណាំ​ស្រូវ​រដូវវស្សា​របស់ ប្រជា​កសិករ​ស្រុក​ព្រៃ​នប់ ដើមឆ្នាំ​២០២៤ របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ព្រះ​សីហ​នុ ប្រជា​កសិករ​នៅ​ស្រុក​ព្រៃ​នប់ កំពុង​មមាញឹក​ក្នុង​ការ​ភ្ជួរ​រាស់​អនុវត្ត​បាន​ចំនួន ៥ ៤០៥​ហិ​កតា ស្មើនឹង ៤០,៦៤​ភាគរយ និង​ការងារ​ព្រោះស្រូវ​អនុវត្តន៍​បាន​ចំនួន ៤ ២២៧​ហិ​កតា ស្មើនឹង ៣១,៧៨​ភាគរយ នៃ​ផែនការ​ឆ្នាំ​សរុប​ចំនួន ១១ ៦១៨​ហិ​កតា​។ ដោយ ឡែក​ស្រុក​កំពង់​សិលា ការងារ​ភ្ជួរ​រាស់ សាបព្រោះ​មិន​ទាន់​មាន​សកម្មភាព នៅឡើយ​នោះ​ទេ ដោយសារ​ឆ្នាំ​នេះ​រដូវប្រាំង​បាន​អូស​បន្លាយ​ធ្វើ​ឱ្យ​ការងារ​ភ្ជួរ​រាស់ សាបព្រោះ​ស្រូវ​រដូវ វស្សា​ឆ្នាំ​នេះ​មានការ​យឺត​ជាង​បណ្តា​ឆ្នាំ​កន្លង​មក បើ​ទោះបី​ភ្លៀង​បាន​ចាប់ផ្តើម​ធ្លាក់​ជា​បណ្តើ​ៗ ក៏​ប៉ុ​ន្ត​មិន​ទាន់​គ្រប់គ្រាន់​ក្នុង​ការងារ​ភ្ជួរ​រាស់ សាបព្រោះ​។ ម្យ៉ាងទៀត​ការងារ​ភ្ជួរ​រស់ នា​ពេល​ប​ច្ចប្ប​ន្ន ប្រើប្រាស់​ដោយ​គ្រឿងយន្ត​កសិកម្ម មាន​ដូច​ជា គោ​យន្ត ឬ​ត្រាក់ទ័រ ដោយឡែក​ការ​ភ្ជួរ​រាស់​តាម​បែប​បុរាណ​ដោយ​គោ ក្របី សឹងតែ​គ្នាន​នោះ​ទេ ដោយសារ​តែ ប្រជា​កសិករ​ខ្វះ​កម្លាំង​ពលកម្ម ដោយសារ​កូន ចៅ​របស់​ពួក​គាត់​ចេញ​ទៅ​ធ្វើការ​នៅ​តាម រោងចក្រ សហគ្រាស​។

ខេត្ត​ព្រះ​សីហ​នុ មាន​ក្រុង​ពីរ និង​ស្រុក​ចំនួន​៣ ហើយ​ស្រុក​ចំនួន​ពីរ មាន​ផ្ទៃដី​បង្ក បង្កើន​ផល​ស្រូវ​រដូវវស្សា ក្នុង​នោះ​មាន​ដូច​ជា ស្រុក​ព្រៃ​នប់ និង​ស្រុក​កំពង់​សិលា​។ ក្រុង ស្រុក​ចំនួន​៣ ផ្សេង​ទៀត​មិន​មាន​ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ​នោះ​ទេ​។ ទន្ទឹម​នឹង​ការងារ​បង្កបង្កើន ផល​ស្រូវ​រដូវវស្សា ខេត្ត​ព្រះ​សីហ​នុ ក៏​មិន​មាន​ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង​នោះ​ដែរ ដោយសារ​កង្វះ​ប្រភព​ទឹក​នៅ​រដូវប្រាំង​។

សូម​បញ្ជាក់​ថា ខេត្ត​ព្រះ​សីហ​នុ មាន​ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ​សរុប​មាន​ចំនួន ១៣ ៣៧៨​ហិ​កតា ក្នុង​នោះ​ស្រុក​ព្រៃ​នប់ មាន​ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ ១១ ៦១៨​ហិ​កតា និង ស្រុក​កំពង់​សិលា​មាន​ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ​ចំនួន ១ ៧៦០​ហិ​កតា​៕

ប្រភព៖ AKP