ក្រុមការងារមន្ទីរសាធារណការខេត្តបន្ទាយមានជ័យបន្តចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ និងផ្លូវខេត្ត

0

បន្ទាយមានជ័យ៖ លោក សុក ចាន់​ថា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៤​នេះ​ថា ក្រុមការងារ​ជំនាញ​ផ្លូវថ្នល់​របស់​មន្ទីរ​សាធារណការ​ខេត្ត បាន​និង​កំពុង​បន្ត​ជំរុញ​ការងារ​ថែទាំ​ជា​ប្រចាំ​នៅ​លើ​កំណាត់​ផ្លូវជាតិ ផ្លូវ​ខេត្ត​ដែល​រង​ការ​ខូចខាត​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ដើម្បី​ធានា​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​បាន​ស្រួល​នោះ​។

លោក​ប្រធាន​មន្ទីរ​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា សកម្មភាព​ជាក់ស្តែង កាលពី​ថ្ងៃ​ទី​១២ ខែឧសភា​ឆ្នាំ​២០២៤​នេះ ក្រុមការងារ​បាន និង​កំពុងធ្វើការ​ជួសជុល​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦D ចាប់ពី​គីឡូម៉ែត្រ​០+៨០០ ដល់​គីឡូម៉ែត្រ ១+៣០០ ដោយ​ស្រោច​កៅស៊ូ​បាច​ថ្ម​លើ​ថ្នល់​ប្រេះ​មួយ​ជាន់​ស្ថិត​នៅ​ស្រុក​អូរ​ជ្រៅ បន្តការងារ​ជួសជុល​ផ្លូវជាតិ​លេខ​៥៨ ចាប់ពី​គីឡូម៉ែត្រ​៨៨+៣០០ ដល់​គីឡូម៉ែត្រ ៩០+០០០​ដោយ​ភ្ជួរ​តួ​ថ្នល់​ប្រេះ​ស្រុត រួច​កៀរ​កិន​បង្ហាប់​ស្ថិត​នៅ​ស្រុក​ថ្មពួក បន្តការងារ​ជួសជុល​ផ្លូវ​ខេត្ត​លេខ​២៥៨B ចាប់ពី​គីឡូម៉ែត្រ​១៨+០០០ ដល់​គីឡូម៉ែត្រ ២០+០០០ ដោយ​ថែម​ដី​ល្បាយ​ថ្ម រួច​កៀរ​កិន​បង្ហាប់​ស្ថិត​នៅ​ស្រុក​ស្វាយចេក បន្តការងារ​ជួសជុល​ផ្លូវជាតិ​លេខ​៥ ចាប់ពី​គីឡូម៉ែត្រ​៣៤០ +០០០ ដល់​គីឡូម៉ែត្រ ៣៤២+០០០ ដោយ​ស្រោច​ទឹក​ដើម​រុក្ខជាតិ និង​ជួសជុល​គម្រប​រឺ​ហ្គា និង​បន្តការងារ​ជួសជុល​ផ្លូវជាតិ​លេខ​៦ ចាប់ពី​គីឡូម៉ែត្រ​៤១១+០០០ ដល់​គីឡូម៉ែត្រ ៤១៥+០០០ ដោយ​សម្អាត​ស្ពាន និង​លាបថ្នាំ​ថ្មី​ស្ថិត​នៅ​ក្រុង​សិរី​សោភ័ណ​។

ទន្ទឹម​នឹង​នេះ លោក​ប្រធាន​បាន​គូសបញ្ជាក់​ថា ក្រៅពី​ការ​ចុះ​ថែទាំ​លើ​កំណាត់​ផ្លូវជាតិ ផ្លូវ​ខេត្ត នេះ ក្រុមការងារ​ក៏​បាន​ធ្វើការ​ជួសជុល​លើ​ផ្លូវ​មួយ​ចំនួន​ផ្សេង​ទៀត ដែល​រង​ការ​ខូច​ក្លាយជា​ជង្ហុក​សម្បុកមាន់ ក៏​ត្រូវ​បាន​ចុះ​អនុវត្ត​ធ្វើ​ជា​ប្រចាំ​ដើម្បី​ឱ្យ​មាន​ភាពល្អ​ប្រសើរ ធ្វើ​យ៉ាងណា​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល និង​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់ បាន​ចំណេញ​ពេលវេលា ចំណេញ​ថវិកា ព្រមទាំង​បង្កើន​នូវ​សោភ័ណ​ភាព​តាម​ដងផ្លូវ​ផង​ដែរ និង​បាន​អំពាវនាវ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​គ្រប់​មធ្យោបាយ​ទាំងអស់ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ទាំងអស់​គ្នា ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​៕

ប្រភព៖ AKP