ក្រសួងអប់រំ៖ ឆ្នាំ២០២៤នេះ ជាឆ្នាំដែលក្រសួងបានរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ជាលើកទី២៨ហើយ

0

ភ្នំពេញ៖ ឆ្នាំ​២០២៤​នេះ ជា​ឆ្នាំ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស ជា​លើក​ទី​២៨ និង​ជា​លើក​ទី​៧ ដែល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រឡង​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ឯកឧត្តម​បណ្ឌិត ហួ ឈុ​ន​គ្រី អគ្គាធិការ​រង​ទទួល​បន្ទុក​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប្រឡង ស្តី​ពី​ការ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស នា​សម័យ​ប្រឡង​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៤ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ ជា ស៊ី​ម សន្ធរ​ម៉ុ​ក រាជធានី​ភ្នំពេញ ដែល​ជា​ការ​ប្រឡង​ដើម្បី​ជ្រើសរើស​យកជ័យ​លា​ភី​សិស្ស​ពូកែ​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ លើ​មុខ​វិជ្ជា​អក្សរសិល្ប៍​ខ្មែរ គណិត​វិទ្យា និង​រូបវិទ្យា ដោយ​ឆ្នាំ​នេះ​មាន​បេក្ខជន​មក​ចូលរួម​ប្រឡង​ចំនួន​២៤០​នាក់​/​ស្រី​១២៧​នាក់​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ហួ ឈុ​ន​គ្រី បាន​មាន​ប្រសាសន៍​ថា ដើម្បី​ធានា​បាន​នូវ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ដែល​អាច​ទទួលយក​បាន​នៃ​ការ​ប្រឡង ជា​ពិសេស​ការ​លើកកម្ពស់​គុណភាព​សិស្ស​ពូកែ និង​ធានា​តម្លៃពិត​ប្រាកដ​របស់​សិស្ស​ពូកែ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំណត់​គោលការណ៍ និង​លក្ខខណ្ឌ​សំខាន់​ៗ ទាំង​ក្នុង​ដំណើរការ​សំ​ណេ​រ ដំណើរការ​កំណែ ដំណើរការ​ស្រង់​បូក​ពិន្ទុ​ជាដើម​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា បេក្ខជន​គ្រប់​រូប​ដែល​មាន​វត្តមាន​នា​ពេល​នេះ សុទ្ធតែ​បាន​ទទួល​វិញ្ញាបនបត្រ​ចូលរួម​ប្រឡង សិស្ស​ពូកែ​ថ្នាក់​ជាតិ​ម្នាក់ ១​សន្លឹក ហើយ​ចំពោះ​ជ័យ​លា​ភី​ម្នាក់​ៗ នឹង​ត្រូវ​ទទួល​បានការ​ឧបត្ថម្ភ​ពី​រដ្ឋ​ទៅ​តាម​ចំណាត់ថ្នាក់​នូវ​ថវិកា និង​សម្ភា​ផ្សេង​ៗ រួម​មាន​៖ ប្រកាស​ទទួលស្គាល់​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស វិញ្ញាបនបត្រ​ជ័យ​លា​ភី​សិស្ស​ពូកែ មេដាយ​មួយ​គ្រឿង (​មាស ប្រាក់ និង​សំរឹទ្ធ ពី​លេខ​១ ដល់​លេខ​៣) ប្រាក់​រង្វាន់​តាម​ចំណាត់ថ្នាក់ និង​ប្រាក់​រង្វាន់ ឬ​វត្ថុ​ផ្សេង​ៗ​បន្ថែម​ទៀត​ពី​សប្បុរសជន​។

សម្រាប់​ការ​ប្រឡង​នេះ​ដែរ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​មន្ទីរ​អប់រំ យុវជន និង កីឡា រាជធានី ខេត្ត លោក លោកស្រី​នាយក នាយិកា លោកគ្រូ អ្នកគ្រូ ដែល​បាន​សម្រិតសម្រាំង​សិស្ស​ពូកែ​ថ្នាក់​រាជធានី ខេត្ត ដើម្បី​ឱ្យមក​ចូលរួម​ប្រឡងប្រជែង​ដណ្តើម​ជ័យ​លា​ភី​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​នា​ពេល​នេះ និង​បាន​ផ្តាំផ្ញើ​ដល់​គ្រប់​សមាសភាព​គណៈមេប្រយោគ​ឱ្យ​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ ដើម្បី​សម្រេច​ការងារ​ប្រឡង​នេះ​ប្រកបដោយ​លទ្ធផល​វិជ្ជមាន ស្រប​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព លទ្ធផល​ទទួលយក​បាន និង​បាន​ផ្តាំផ្ញើ​ដល់​ក្មួយ​ៗ​សិស្សានុសិស្ស​ជា​បេក្ខជន​ទាំងអស់ ត្រូវ​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការ​ប្រឡង ត្រូវ​ខិតខំ​យក​អស់​សមត្ថភាព​ផ្ទាល់ខ្លួន ដើម្បី​ដណ្តើម​ជ័យ​លា​ភី​ប្រកបដោយ​កិត្តិយស​ជូន​ខ្លួនឯង​ផ្ទាល់ ក្រុម​គ្រួសារ សាលារៀន រាជធានី និង​ខេត្ត​រៀង​ៗ​ខ្លួន ដោយ​ប្រកាន់ខ្ជាប់​នូវ​សុទិដ្ឋិនិយម​ជា​និច្ច​ចំពោះ​ការ​ប្រឡង​នេះ​៕

ប្រភព៖ AKP