កណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជូនព័ត៌មានបន្ថែមស្តីពីកិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេតករណី បើកលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់) ប្រើហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា រវាងអ្នកសារព័ត៌មាន និងអ្នកបញ្ជល់មាន់ ដែលកើតហេតុ៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១២:១០នាទី ចំណុច ចម្ការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។
ចំពោះករណីខាងលើនេះកាលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញបានអនុវត្តច្បាប់ទៅលើអ្នកបើកល្បែងស៊ីសងខុសច្បាប់។ មកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញយើងបានស្រាវជ្រាវអនុវត្តច្បាប់ ទៅលើជនសង្ស័យដែលជាអតីតអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានដែលបានប្រើប្រាស់អំពើហិង្សាទៅលើជនរងគ្រោះចំនួន០២នាក់។
ជនសង្ស័យចំនួន០៦នាក់ (ឃាត់ខ្លួន០២នាក់) រួមមាន៖
១.ឈ្មោះ ជាវ គីមលាង អតីតគេហទំព័រ គ្រុឌ០១ (ឃាត់ខ្លួន)
២.ឈ្មោះ ទុយ រិទ្ធី អតីតគេហទំព័រ ខេភីញ៉ូ (ឃាត់ខ្លួន)
៣.ឈ្មោះម៉ុល ដែន គេហទំព័រ វិទ្យុ FM 102 (គេចខ្លួន)
៤.ឈ្មោះ សាយ ចាន់ណា រហ័ស នាម ១០៣ (គេចខ្លួន)
៥.ឈ្មោះ ឃឹម យ៉ុន គេហទំព័រ ស្លាបប៉ាកកា (គេចខ្លួន)
៦.ឈ្មោះ មួង ដារ៉ូ គេហទំព័រ បារមីភ្នំជីសូរ (គេចខ្លួន)
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០២នាក់ ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។ ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញនៅបន្តស្រាវជ្រាវទៅលើករណី កំហែងយកប្រាក់ ដែលមានការទារប្រាក់ពីក្រុមអ្នកបើកល្បែងស៊ីសងខុសច្បាប់ ក៏ដូចជាអ្នកលេងល្បែងផងដែរ យកមកចាត់ការតាមនីតិវិធី៕