​បុរស០១នាក់ បើកបរគោយន្តកន្ត្រៃមានល្បឿនលឿន ជ្រុលទៅរេចង្កូតបុករបងបន្លាសួស បណ្តាលឲ្យស្លាប់

0

បន្ទាយមានជ័យ៖ ការបើកបរប្រសិនបើខ្វះការប្រុងប្រយ័ត្ន នឹងអាចបង្កអន្តរាយដល់ជីវិតខ្លួនឯងនិងអ្នកដទៃ ។ ជាក់ស្តែងបុរស០១នាក់ បានបាត់បង់ជីវិតក៏ព្រោះតែបើកគោយន្តកន្ត្រៃមានល្បឿនលឿនបានរេចង្កូតទៅ បុករបងលួសបន្លាបណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ បានកើតឡើងតនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ចម្ងាយពីប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំស្វាយចេក១០០ម៉ែត្រ លើកំណាត់ផ្លូវលេខ ២៥៦១ ស្ថិតនៅភូមិពន្សាយជើង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ នគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ញឹម ផល ភេទប្រុសអាយុ39ឆ្នាំភូមិអំពិលព្រង់ ឃុំទ្រាស  ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកគោយន្តកន្ត្រៃទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុគោយន្តបានរេទៅបុកបង្គោលរបងដែលរុំព័ទ្ធដោយលួសបន្លានៅលើចិញ្ចើមផ្លូវខាងស្តាំ បណ្តាលឲ្យលួសបន្លាមុតត្រូវត្រង់កនិងក្រោមក្លៀកខាងស្តាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។​ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕