ក្រុមហ៊ុន Hainan Litree គ្រោងវិនិយោគរហូតដល់១០០លានដុល្លារក្នុងវិស័យទឹកស្អាត នៅកម្ពុជា

0

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណ​ឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៤ បាន​ទទួល​ជួប​តំណាង​ក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. និង​បាន​ពិភាក្សា​ការងារ​ដោយ​ផ្តោត​លើ​គម្រោង​របស់​ក្រុមហ៊ុន ក្នុង​ការ​ពង្រីក​ការ​វិនិយោគ របស់ ខ្លួន ក្នុង វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា​។

នាយក​ប្រតិបត្តិ លោក​បណ្ឌិត Cai Yunlong បាន​រាយការណ៍​ថា ក្រុមហ៊ុន Hainan Litree Purifying Technology ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩២ និង​បាន​កសាង​កេរ្តិ៍ឈ្មោះ​ខាង​បច្ចេកវិទ្យា UF Membrane ដោយសារ​ក្រុមហ៊ុន​បាន​បង្កើត​លទ្ធផល​ជោគជ័យ​ជាស​កល និង​មាន​ភ្នាក់ងារ​ផ្តល់​បច្ចេកវិទ្យា​នេះ នៅ​ក្នុង ប្រទេស​ជា​ច្រើន​។ ឧបករណ៍​ចម្រោះ​ទឹក​ម៉ាក Litree របស់​ក្រុមហ៊ុន ត្រូវ​បាន​ទទួលស្គាល់ យ៉ាង ទូលំ ទូលាយ​ចំពោះ​ប្រសិទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​តំបន់​ប្រជុំជន សម្រាប់​តម្រូវការ ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ចម្រោះ​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ ដែល​បាន និង​កំពុង ផ្តល់​អត្ថ ប្រយោជន៍​ដល់​មនុស្ស​ជាង​៣​លាន​គ្រួសារ​នៅ​ទូ​ទាំង​ពិភពលោក​។

នៅ​ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន ផលិតផល​ដែល​ប្រើ​បច្ចេកវិទ្យា UF membrane របស់​ក្រុមហ៊ុន ត្រូវ បាន​ប្រើប្រាស់​នៅ​ក្នុង​ខេត្ត​-​ក្រុង​ជា​ច្រើន​ដោយ​បាន​រួមចំណែក​ដល់​ការ​ពង្រឹង​ស្តង់ដារ​ទឹក​ស្អាត ក្នុង​បរិមាណ​១១.០០០​ម៉ែត្រគូប​/​ថ្ងៃ​។ លោក​បណ្ឌិត Cai Yunlong បាន​លើក​ឡើង​ថា ក្នុង​រយៈពេល ៣-៥ ឆ្នាំ ខាង មុខ​នេះ ក្រុមហ៊ុន គ្រោង នឹង​វិនិយោគ​ទឹកប្រាក់​ប្រមាណ ៥០-១០០ លាន​ដុល្លារ​ទៅ​ក្នុង​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា​។

ឯកឧត្តម ហែម វណ្ណ​ឌី បាន​ស្វាគមន៍​ចំពោះ​គម្រោង​របស់​ក្រុមហ៊ុន ក្នុង​ការ​ពង្រីក​ការ​វិនិយោគ​ក្នុង​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​តំបន់​ដែល​មិន​ទាន់​មាន​សេវា​គ្របដណ្តប់​។ ដោយ​សង្កត់ធ្ងន់ លើ សារៈសំខាន់​នៃ​ការ​ចាប់​យក​បច្ចេកវិទ្យា ទាំង​នៅ​ក្នុង​វិស័យ​សា ធារ ណៈ និង​ឯកជន ឯកឧត្តម រដ្ឋមន្ត្រី បាន លើក ទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​សិក្សា​លទ្ធភាព​វិនិយោគ​នេះ និង​ស្វែងរក​ឱកាស​បន្ថែម​ក្នុង​ការ​លក់​ទឹក​ដុំ សម្រាប់ ប្រតិបត្តិ​ករ​ទឹក​ឯកជន ដោយ​ប្រើប្រាស់ ឧត្តមភាព​បច្ចេកវិទ្យា និង​បទ​ពិសោធន៍​ជោគជ័យ​របស់​ខ្លួន​កន្លង មក​។

តាម​រយៈ​ជំនួប​នេះ ក្រុមហ៊ុន​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត និង​ការ​រួមចំណែក​របស់​ខ្លួន ក្នុង​ការ​ដោះ ស្រាយ បញ្ហា​ផ្គត់ផ្គង់​ទឹក​ស្អាត និង​ថែរក្សា​ធនធានទឹក តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា membraine ប្រកបដោយ​នវានុវត្តន៍ ដំណោះស្រាយ​ធុង​ចម្រោះ​ទឹក និង​សេវា​សុវត្ថិភាព​ទឹក​សាធារណៈ ស្រប​តាម គោលដៅ អភិវឌ្ឍ ប្រកបដោយ​ចីរភាព និង​ការ​គ្រប់គ្រង​បរិស្ថាន​របស់​កម្ពុជា​៕

ប្រភព៖ ក្រសួងព័ត៌មាន