ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ចាប់ផ្តើម ដោយផ្តល់ឱកាសការងារជាង៥ពាន់កន្លែងដល់យុវជន

0

ភ្នំពេញ៖ ពិព័រណ៍​ការងារ និង​មគ្គទេសក៍​អាជីព​ដ៏​ធំ ដែល​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​ទទួល​បានការ​គាំទ្រ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បាន​ចាប់ផ្តើម​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៤ នេះ នៅ​អគារ KAMPUS​។

ក្រុមហ៊ុន សហគ្រាស​ធំ​ៗ​ចំនួន ២៥ កំពុង​ផ្តល់​ឱកាស​ការងារ​ជាង ៥​ពាន់​កន្លែង នៅ​តាម​បញ្ជរ​នៅ​អគារ KAMPUS និង​កំពុង​រង់ចាំ​ទទួល ពាក្យ​ស្នើ​សុំ​ការងារ​ពី​សំណាក់​យុវជន សិស្ស​/​និស្សិត និង​អ្នក​ស្វែងរក​ការងារ​។

ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​ការងារ និង​មគ្គទេសក៍​អាជីព​នា​ព្រឹក​នេះ ឯកឧត្តម ទុ​យ ស៊ី​ផា​ន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា​ពិព័រណ៍​ការងារ​នេះ គឺជា​ការ​អនុវត្ត​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ពង្រីក​ការ​បើកចំហ​ឱកាស​ការងារ ដោយ​ជួយ​បែងចែក​ឱកាស​ទាំងនេះ​ឱ្យ​បាន​ទៅ​ដល់​សាធារណជន​គ្រប់​រូប​ប្រកបដោយ​តម្លាភាព និង​សមធម៌ សំដៅ​ប្រែក្លាយ​ឱកាស​ការងារ​ទាំងអស់​ទៅ​ជា​មុខរបរ​កាន់តែ​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប​។

ឯកឧត្តម បញ្ជាក់​បន្ថែម​ថា​ការងារ និង​អាជីព គឺជា​សមាសធាតុ​ដ៏​មាន​សារសំខាន់​សម្រាប់​មនុស្ស​គ្រប់​រូប​។ ការងារ​និង​អាជីព​មួយ​ប្រភេទ​មាន​អត្ថន័យ​ពិសេស​សម្រាប់​មនុស្ស​ម្នាក់​ៗ​ដែល​បាន​ជ្រើសរើស បំពេញ និង​កសាង​មាគ៌ា​អាជីព​នោះ​។ ដូច្នេះ យុវជន និង​អ្នក​ស្វែងរក​ការងារ​ត្រូវការ​យកចិត្តទុកដាក់​រៀបចំ​ផែនការ​, ជ្រើសរើស​អនុវត្ត​ការងារ​, កែសម្រួល​និង​កសាង​អាជីព​មួយ​ឲ្យ​បាន​ពិតប្រាកដ ដើម្បី​សំឡឹង​ឆ្ពោះទៅ​ភាព​ជោគជ័យ​ក្នុង​ពេល​អនាគត​។

លោក​ជំទាវ តិ​មា វិច្ឆិកា​ល អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​(​ស​.​ស​.​យ​.​ក​)​ព្រឹត្តិការណ៍​នេះ គឺជា​ការ​ប្រមូលផ្តុំ​នូវ​ព័ត៌មាន​ការងារ​យ៉ាង​សំបូរ​បែប នៅ​តាម​គ្រឹះស្ថាន និង​ក្រុមហ៊ុន​ហ៊ុន​ធំ​ៗ ហើយ​វា​ជា​វេទិកា​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ផ្ទាល់​ជាមួយ​និយោជក និង​និយោជិត​។ លោក​ជំទាវ បញ្ជាក់​ឱ្យ​ដឹង​ថា​កន្លង​មក ស​.​ស​.​យ​.​ក តែងតែ​ធ្វើ​ជា​ដៃគូ​យ៉ាង​ជិត​ស្និត​ជាមួយ NEA ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ​ជា​ច្រើន មាន​វេទិកា​ការងារ ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ជាដើម ដើម្បី​ធ្វើ​យ៉ាងណា​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពី​ឱកាស​ការងារ ដល់​ប្រជាពលរដ្ឋ​ពិសេស​យុវជន​។

លោក គួ​យ គី​ម​រើ​ន អ្នកសម្របសម្រួល​គម្រោង​ជាតិ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) មាន​ប្រសាសន៍​ថា ILO ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​នឹង​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ការងារ​ដ៏​មាន​សារៈសំខាន់​រយៈពេល​ពីរ​ថ្ងៃនេះ​ឡើង ដើម្បី​បង្កើត​ជា​កន្លែង​ជួបជុំ​គ្នា​ដោយ​ងាយស្រួល​រវាង​និយោជក អ្នក​ស្វែងរ​ការងារ​ធ្វើ និង​អ្នក​ផ្តល់​ការ​អប់រំ​បណ្តុះបណ្តាល ដើម្បី​ស្វែង​យល់​អំពី​តម្រូវការ​ជំនាញ​ក្នុង​ទីផ្សារ​ការងារ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​។ ពិសេស​នោះ ពិព័រណ៍​ការងារ​នេះ គឺជា​ឱកាស​សម្រាប់​យុវជន​ក្នុង​ការ​ស្វែងរក​និយោជក​ដែល​មាន​សក្តានុពល​ជា​ច្រើន និង​ស្វែង​យល់​ពី​ឱកាស​ការងារ និង​លក្ខខណ្ឌ​ការងារ​ផ្សេង​ៗ​ផង​ដែរ​។

សូម​ជម្រាប​ថា​ពិព័រណ៍​ការងារ និង​មគ្គទេសក៍​អាជីព​នេះ នឹង​ត្រូវ​រៀបចំ​ឡើង​រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​ទី​០៩-១០ ខែឧសភា នេះ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់ ៥​ល្ងាច នៅ​អគារ KAMPUS ជាប់​ស្ពាន​អាកាស​ក្បាលថ្នល់​។ ពិព័រណ៍​នេះ មានការ​ចូលរួម​ពី​សំណាក់​ក្រុមហ៊ុន សហគ្រាស​ធំ​ៗ​ចំនួន ២៥ ដែល​បាន​នាំ​យក​ឱកាស​ការងារ​គ្រប់​ប្រភេទ​ជាង ៥៤០០​កន្លែង ដើម្បី​តាំង​បង្ហាញ សម្ភាស​ជ្រើសរើស និង​បើកឱកាស​ដល់​អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​ការងារ ដោយ​ក្នុង​នោះ​មានមុខ​តំណែង​គ្រប់​ប្រភេទ​ក្នុង​វិស័យ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ​, សេវាកម្ម​, អចលនវត្ថុ​, ឧស្សាហកម្ម​, ការ​លក់ដុំ និង​លក់រាយ​, អាហារ និង​ភេសជ្ជៈ ជាដើម ។

ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តាម​រយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬ​គេហទំព័រ www.nea.gov.kh និង​ទំព័រ facebook neakhmer (​អិន​អ៊ី​អេ ខ្មែរ​)៕

ប្រភព៖ AKP