ក្មេងប្រុស១នាក់ ត្រូវបានខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់ នៅស្រុកក្រគរ

0

ពោធិ៍សាត់៖ នៅថ្ងៃអង្គារ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៩និង៣០នាទីយប់ មានករណីក្មេងប្រុស១នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ កើតហេតុនៅភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរខេត្តពោធិ៍សាត់ ជនរងគ្រោះ ឈ្មោះ ណេ សំណាង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិឃុំកើតហេតុ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា យោងតាមការបំភ្លឺរបស់ឈ្មោះ ស៊ូ ណេ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវជាឪពុកនៃសពបានឲ្យដឹងថា នៅថ្ងៃទី៧ខែឧសភាឆ្នាំ ២០២៤ វេលាម៉ោង២១និង៣០នាទី រូបខ្លួនបានអង្គុយមុខផ្ទះនៅក្បែររោងបុណ្យកំពុងពិភាក្សាគ្នាជាមួយបងប្អូននៅនឹងតុមូល កំពុងតែអង្គុយប្រាជ្ញគ្នាពីរឿងបុណ្យទានស្រាប់តែឃើញក្មេងប្រុសឈ្មោះ ណាត សុខនុត ភេទប្រុស អាយុ៧ឆ្នាំ ដែលកំពុងរត់លេងជាមួយកូនប្រុសរបស់ខ្លួនដែលពួកវារត់លេងនៅរោងចុងភៅដែលនៅខាងត្បូងជាប់ផ្ទះខ្លួន ហើយក្មេងខាងលើបានរត់មកប្រាប់ប៉ាវាឈ្មោះ ស៊ឹម ណាត ថា បងណាង វាយខ្លួនចង់បាក់ដៃហើយ រូបខ្លួនបានស្ទុះទៅមើលស្រាប់តែឃើញកូនរបស់ខ្លួនដេកនៅលើដី ជើងជាប់នឹងបង្គោលរោងហើយគ្មានកម្រើកអីសោះ រួចពួកខ្លួនបានយកកូនទៅពេទ្យបង្អែកស្រុក រួចពេទ្យប្រាប់ថាកូនខ្ញុំស្លាប់បាត់ហើយ។

យោងតាមកំណត់ហេតុបំភ្លឺរបស់ឈ្មោះ ស៊ឹម ណាត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ បានឲ្យដឹងថានៅថ្ងៃទី៧ខែឧសភាឆ្នាំ២០២៤ វេលាម៉ោង ៧និង០០នាទី ខ្លួនបានមកបុណ្យខួបប្រាំពីរថ្ងៃរបស់យាយឈ្មោះ សាត ដែលស្ថិតនៅភូមិឃុំកើតហេតុខាងលើ លុះកម្មវិធីបុណ្យដំណើរការរហូតដល់យប់ក៏ជិតចប់កម្មវិធីពួកខ្លួនមានគ្នាបីបួននាក់បានអង្គុយផឹកស៊ីធម្មតា រហូតដល់ម៉ោង១០និង១៥នាទី ស្រាប់តែកូនប្រុសរបស់ខ្លួនឈ្មោះ ណាត សុខនុត ភេទប្រុស អាយុ៨ឆ្នាំ បានរត់មកប្រាប់ខ្ញុំថាប៉ា ដៃគេមានគេវ៉ៃដូចចង់បាក់ដៃហើយ រួចខ្លួនក៏សួរថានរណាគេវាយ តែកូនរបស់ខ្លួនមិននិយាយទេគិតតែពីយំ ហើយកូនរបស់ខ្លួនបានចាប់ទាញដៃរបស់ខ្លួនឲ្យទៅមើល រួចខ្លួនក៏ដើរទៅតាមកូន ពេលទៅដល់រោងចុងភៅធ្វើម្ហូប នៅខាងត្បូងផ្ទះបុណ្យប្រហែល២ម៉ែត្រ ក៏ស្រាប់តែឃើញក្មួយរបស់ខ្លួនឈ្មោះ ណេ សំណាងភេទប្រុស អាយុ១៤ឆ្នាំ ដេកផ្ងារហៀរទឹកនំបញ្ចុកចេញតាមមាត់ ជើងស្ដាំជាប់នឹងបង្គោលរោងចុងភៅ  ខ្លួនក៏បានស្រែកហៅឲ្យគេមកជួយ ពេលនោះក៏មានគ្នីគ្នាមកចាប់ទាញអាវចេញមកក្រៅ ហើយក៏នាំគ្នាជួយរឹត រួចក៏បញ្ជូនទៅពេទ្យស្រុក ទើបមួយម៉ោងក្រោយមកពេទ្យក៏ឲ្យមកផ្ទះវិញ។តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញឃើញមានស្លាកស្នាមខ្លោចជាំ នៅលើម្រាមកូនជើងខាងស្ដាំ ក្រៅពីនេះពុំមានឃើញស្លាកស្នាមអ្វីផ្សេងទេ។ក្រុមការងារអាចសណ្ឋានបានថាសពស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់សាកសព អោយទៅក្រុមគ្រួសារដេីម្បីតម្កល់ធ្វេីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅឯលំនៅដ្ឋាននៃសព តាមបញ្ជារឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៩និង០០ នាទី៕