ក្រចេះ៖ គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំផ្លូវខេត្តសំខាន់ៗចំនួន ០២ខែ្ស ដែលមានប្រវែងសរុបជិត ៤៩គ.ម ក្នុងខេត្តក្រចេះ សម្រេចការសាងសង់បាន ប្រមាណ ៥៣% ហើយ គិតត្រឹមថ្ងៃទី៨ ខែឧសភា ២០២៤នេះ។
ផ្លូវខេត្តដ៏សំខាន់ ២ខ្សែនេះ ស្ថិតក្នុងខេត្តក្រចេះ រួមមានផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥.៥គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលព្រាប«ស» (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ គិតចាប់ពីផ្សារសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។
ផ្លូវទាំងនេះគឺជាផ្នែកមួយដ៏សំខាន់ សម្រាប់បម្រើដល់ វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន ជាពិសេសអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានជាច្រើន តាមបណ្ដោយដងទន្លេមេគង្គត្រើយខាងកើត មានដូចជា៖តំបន់ទេសចរណ៍ភ្នំសបុក រម្មណីយដ្ឋានអន្លង់ផ្សោតកាំពី, រមណីយដ្ឋានទឹកជួរកាំពី ,ព្រះធំវិហារសសរ ១០០ , និងសហគមន៍ទេសចរណ៍កោះ ៣០ ជាដើម និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញ និងកសិផលទៅកាន់ទីផ្សារនិងតំបន់ផ្សេងៗ បានលឿនជាមុន។
សូមបញ្ជាក់ថា ផ្លូវ២ខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ជាគម្រោងស្តារឡើងវិញដោយពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវកម្រាលបេតុងកៅស៊ូ(AC) កម្រាស់៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧ ដល់ ១១ម៉ែត្រ មាន២គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង (នៅលើផ្លូវខេត្តលេខ៣៧៧) ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd ស្ថិតក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក (RCIP)៕