ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះ KH Plus News ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋ ចំនួន១១៧គ្រួសារ សំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាជួយពិនិត្យពាក់ព័ន្ធនឹងការអភិរក្សផ្លូវអន្ទង់អាំង ស្ថិតនៅចំណុចអូរ១៧ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង។
ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ឱ្យបានជ្រាបថា៖
ទី១៖ ផ្លូវអន្ទង់អាំង នៃតំបន់ភ្នំ១៥០០ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស គឺជាសក្តានុពលទេសចរណ៍ ធម្មជាតិគ្មានពីររបស់ខេត្តពោធិ៍សាត់ ក៏ដូចព្រះរាជាណាចក្រកម្ពុជា ដែលជាផ្ទាំងទស្សនីយភាពដ៏សែនមនោរម្យ របស់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។
ទី២៖ ដោយសារលក្ខណៈសម្បត្តិដ៏សម្បូរបែបបង្កប់ខ្លួនក្នុងព្រៃ ជ្រលងដងអូរ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃកម្ពុជា បានប្រសិទ្ធនាមថា «បុប្ផាលាក់ខ្លួន» ហើយការប្រសិទ្ធនាមនេះបានធ្វើឱ្យសាធារណៈជន មានការចាប់អារម្មណ៍ ពេញចិត្ត និងដក់ជាប់ក្នុងក្រអៅបេះដូងមនុស្សម្នាក់ៗ ជារៀងរហូតមក។
ទី៣៖ ការថែរក្សា ការពារ អភិរក្ស និងការស្ដារគម្របបៃតងឡើងវិញ នៅផ្លូវអន្ទង់អាំង ឬបុប្ផាលាក់ខ្លួន គឺជាការបំពេញ នូវបំណងប្រាថ្នារបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល ក៏ដូចជាប្រជាពលរដ្ឋក្នុងទូទាំងប្រទេស និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកលម្ហែស្រូបយកខ្យល់អាកាសដ៏ត្រជាក់ល្អបរិសុទ្ធ និងគយគន់ផ្ទាំងទស្សនីយភាព ដែលល្អគ្មានពីរនេះ។
ទី៤៖ ដោយមើលឃើញពីគុណសម្បត្តិដ៏ធំធេង នៃការថែរក្សា ការពារ អភិរក្ស និងស្តារគម្របបៃតងឡើងវិញនៅ ផ្លូវអន្ទង់អាំង ឬបុប្ផាលាក់ខ្លួននោះ មកទល់នឹងពេលនេះ មានប្រជាពលរដ្ឋមួយចំនួនធំ បានស្ម័គ្រចិត្ត និងសាទរ ប្រគល់ទីតាំង ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដោយគ្រាន់តែសំណូមពរឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ពិនិត្យលទ្ធភាពផ្តល់កន្លែងរស់នៅអាចប្រកបមុខរបរបានតែប៉ុណ្ណោះ រីឯអ្នកមួយចំនួនតូច នៅមានការរារែកក្នុងការចូលរួម ដោយសារពួកគាត់ពុំទាន់បានយល់ច្បាស់ អំពីគុណសម្បត្តិដ៏ធំធេងនៃការអភិរក្ស និងការស្ដារគម្របបៃតងឡើងវិញ។
ទី៥៖ ចំពោះការលើកឡើងក្នុងការផ្សាយផ្ទាល់ថា រដ្ឋបាលខេត្តពោធិ៍សាត់ ឱ្យរុះរើផ្ទះ ដំណាំផ្សេងៗនោះ គឺជាមតិយល់ឃើញរបស់អ្នកមួយចំនួនតូច ដែលមានការញុះញង់ ពីអ្នកខាងក្រៅតែប៉ុណ្ណោះ។ មកទល់ពេលនេះ រដ្ឋបាលខេត្តពោធិ៍សាត់ ពុំទាន់បានចាប់បង្ខំ ឬណែនាំដល់ប្រជាពលរដ្ឋរូបណាម្នាក់ ឱ្យធ្វើការរុះរើនៅឡើយ។
ទី៦៖ ទោះបីការអភិរក្សផ្លូវអន្ទង់អាំង ឬបុប្ផាលាក់ខ្លួន បានបម្រើផលប្រយោជន៍សាធារណៈយ៉ាងធំធេង សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់យ៉ាងណាក្តី ក៏រដ្ឋបាលខេត្តនៅតែបន្តយកចិត្តទុកដាក់ គិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំដែរ។
ទី៧៖ រដ្ឋបាលខេត្តពោធិ៍សាត់ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ សូមចូលរួមជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីថែរក្សា ការពារ អភិរក្ស និងស្តារតំបន់បៃតងឡើងវិញ នៅផ្លូវអន្ទង់អាំង ឬបុប្ផាលាក់ខ្លួន ក្នុងគោលដៅបម្រើប្រយោជន៍សាធារណៈ ពិសេសប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់របស់យើង៕