ពិព័រណ៍ការងារ និងមគ្គទេស៍អាជីព នឹងចាប់ផ្តើមដោយផ្តល់ឱកាសការងារជាង ៥ពាន់ កន្លែងដល់យុវជន

0

ភ្នំពេញ៖ នៅ​ថ្ងៃស្អែក​នេះ ពិព័រណ៍​ការងារ និង​មគ្គ​ទេសន៍​អាជីព នឹង​ត្រូវ​ចាប់ផ្តើម​ហើយ ដោយ​មាន​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា គឺ​នា​ថ្ងៃ​ទី ៩-១០ ខែឧសភា ឆ្នាំ​២០២៤ នេះ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់ ៥​ល្ងាច នៅ​អាគារ KAMPUS ជិត​ស្ពាន​អាកាស​ក្បាលថ្នល់​។ ក្រុមហ៊ុន និង​សហគ្រាស​ធំ​ៗ​ចំនួន ២០ ក៏​បាន​ត្រៀម​រួចរាល់​ផង​ដែរ ក្នុង​ការ​ផ្តល់​ឱកាស​ការងារ​ភ្លាម​ៗ​សរុប​ចំនួន ៥៤០០ កន្លែង​ដល់​យុវជន សិស្ស​/​និស្សិត និង​អ្នក​ស្វែងរក​ការងារ​។

ពិព័រណ៍​ការងារ​ដ៏​ធំ​នេះ ត្រូវ​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​ទទួល​បានការ​គាំទ្រ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)​។

យុវជន សិស្ស​/​និស្សិត និង​អ្នក​ស្វែងរក​ការងារ​អាច​ចូលរួម​ទស្សនា​ដោយ​សេរី ដើម្បី​ស្វែង​យល់​អំពី​ទីផ្សារ​ការងារ​នៅ​កម្ពុជា និង​ដាក់​ពាក្យ​សម្ភាស​ការងារ​ភ្លាម​ៗ​ជាមួយ​តំណាង​ក្រុមហ៊ុន​/​សហគ្រាស​ធំ​ៗ​ជា​ច្រើន​ដែល​នឹង​ទៅ​ជ្រើសរើស​បុគ្គលិក​ផ្ទាល់​ភ្លាម​ៗ​ក្នុង​មុខ​តំណែង និង​ជំនាញ​ជា​ច្រើន​។ អ្នកចូលរួម​ក៏​អាច​ទទួល​បាន​គន្លឹះ​សំខាន់​ៗ​ដើម្បី​ត្រៀមខ្លួន​ចូល​ទីផ្សារ​ការងារ​នៅ​ក្នុង​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​ដែល​មានការ​ចូលរួម​ពី​វាគ្មិន​ដែល​មានបទពិសោធន៍​ជា​ច្រើន​រូប​ផង​ដែរ​។

លោក​សែ​ម សុ​ផា ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ជ្រើសរើស និង​បណ្តុះបណ្តាល​ធនាគារ Wing បានឱ្យ​ដឹង​ថា​មក​ដល់​ពេល​នេះ​ធនាគារ Wing បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​រង់ចាំ​ទទួល​ស្វាគមន៍​ចំពោះ​បងប្អូន​សាធារណជន​ទូទៅ ពិសេស​បងប្អូន​សិស្ស​/​និស្សិត ដែល​ចង់បាន​ឱកាស​ការងារ​ធ្វើ​ជាមួយ WING​។ លោក​បន្ថែម​ថា​«​ក្នុង​រយៈពេល​២​ថ្ងៃនេះ យើង​មិន​ត្រឹមតែ​នាំ​យក​ឱកាស​ការងារ​ជា​ច្រើន​កន្លែង និង​ជា​ច្រើន​មុខ​តំណែង​ប៉ុណ្ណោះ​ទេ យើង​ក៏​មានកា​ដូរ​អនុស្សាវរីយ៍​ជា​ច្រើន​ផ្តល់​ជូន​ដល់​អ្នកចូលរួម​ផង​ដែរ​»​។

ពិព័រណ៍​ការងារ និង​មគ្គ​ទេសន៍​អាជីព ឆ្នាំ​២០២៤ នេះ រំពឹង​ថា​នឹង​ទាក់ទាញ​យុវជន សិស្ស​/​និស្សិត និង​អ្នក​ស្វែងរក​ការងារ​ធ្វើ រាប់​ពាន់​នាក់​មក​ចូលរួម​ទស្សនា ស្វែង​យល់​អំពី​ទីផ្សារ​ការងារ​នៅ​កម្ពុជា និង​ដាក់​ពាក្យ​សម្ភាស​ការងារ​ភ្លាម​ៗ​ជាមួយ​តំណាង​ក្រុមហ៊ុន សហគ្រាស​ធំ​ៗ​ចំនួន ២០​។

ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តាម​រយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬ​គេហទំព័រ www.nea.gov.kh និង​ទំព័រ facebook neakhmer (​អិន​អ៊ី​អេ ខ្មែរ​)៕

ប្រភព៖ AKP