ព្រះសីហនុ៖ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៤៤គម្រោង នៅដើមឆ្នាំ២០២៤ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោល នយោបាយ លើកទឹកចិត្តជាកញ្ចប់ដល់អ្នកវិនិយោគសម្រាប់ខេត្តព្រះសីហនុ ក្នុងការ ជំរុញការវិនិយោគអគារជាប់គាំងនៅខេត្តព្រះសីហនុ។
នេះជាការលើកឡើងរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ក្នុងឱកាសដែលឯកឧត្តម បានធ្វើរបាយការណ៍ប្រជុំបូកសរុប លទ្ធផល ការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមរាជរដ្ឋាភិបាលចុះមូលដ្ឋាន និងជំរុញការងារ ចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា គម្រោងដែលបាន ដាក់ពាក្យសុំលើកទឹកចិត្តមានដូចជា៖ ១.គម្រោងដែលទទួលបាន «លិខិតឆ្លើយតបជាផ្លូវការ» ចំនួន ១៣គម្រោង។ ២.គម្រោងដែលបានឆ្លងការប្រជុំពិភាក្សា និងទទួលបានការឯកភាព ជាគោលការណ៍ចំនួន ១៤គម្រោង។ ៣.គម្រោងដែលបានដាក់ពាក្យស្នើសុំ តែមិនទទួល បានការឯកភាពមានចំនួន ២គម្រោង។ ៤.គម្រោងដែលត្រូវចុះទៅពិនិត្យមានចំនួន ១៥គម្រោង។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ជាពិសេសការអនុវត្តនូវកម្មវិធីនយោបាយជាអាទិភាពសំខាន់ៗ និងវិធានការគន្លឹះក្នុងការកែទម្រង់ជាក់ស្ដែងនានា ដែលត្រូវបានដាក់ចេញឱ្យអនុវត្តន៍ជាបន្ត បន្ទាប់ សម្រេចបានលទ្ធផលផ្លែផ្កាជាអតិបរមា ដើម្បីឆ្លើយតបទៅនឹងសំណូមពរ សេចក្តីត្រូវ ការ និងការរំពឹងទុករបស់ប្រជាជនកម្ពុជា ដែលជាម្ចាស់ឆ្នោតនៅក្នុងដំណាក់កាលថ្មីនៃការ អភិវឌ្ឍ និងការរីកដុះដាលនូវសមិទ្ធផលធំៗថ្មីៗយ៉ាងច្រើនប្រកប ដោយមោទកភាព។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ក្នុងគោលបំណង ដើម្បីដាក់ចេញនូវវិធានការ និងយន្តការដែលមានលក្ខណៈជាកញ្ចប់ប្រទាក់ក្រឡា មុតស្រួច និងសាមញ្ញ។ ការដាក់ចេញនូវកម្មវិធីពិសេសនេះ បានផ្តល់នូវអត្ថប្រយោជន៍ពិសេស សំខាន់ៗដល់វិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុ ធ្វើឱ្យមានការកើនឡើងគួរឱ្យ កត់សម្តាល់លើវិស័យវិនិយោគ ដែលជាការឆ្លុះបញ្ចាំងពីការជឿទុកចិត្ត ចំពោះស្ថិរភាព នយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជាជាពិសេសនៅខេត្តព្រះសីហនុ ពីសំណាក់វិនិ យោគិនខ្មែរ និងបរទេសនានា៕
ប្រភព៖ AKP