សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ប្រព័ន្ធបញ្ជរតែមួយជាតិ«ជាសមិទ្ធផលរួមគ្នា» របស់ក្រសួង-ស្ថាប័ន រាជរដ្ឋាភិបាល

0

ភ្នំពេញ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ អាច​ចាត់​ទុក​ថា គឺជា​សមិទ្ធផល​រួម​គ្នា របស់​ក្រសួង​-​ស្ថាប័ន នៃ​រាជរដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​ការងារ តាម​អភិក្រម ចីរភាព​នៃ​ប្រព័ន្ធ​តួអង្គ​ទាំងមូល​។

នា​ឱកាស​អញ្ជើញ​ជា​អធិបតី ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ឧសភា សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី រំពឹង​យ៉ាង​ម៉ុ​ត​មាំ​ថា ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ នឹង​ក្លាយជា​គំរូ ជោគជ័យ​មួយទៀត នៃ​ការ​ខិតខំ​ប្រឹ​ប្រែង រួម​គ្នា​របស់​ក្រសួង​-​ស្ថាប័ន នៃ​រដ្ឋាភិបាល ដែល​បាន​ជ​ន្នះ​នូវ​ការ​លំបាក​ទាំងឡាយ ក្នុង​ដំណើរការ​សម្របសម្រួល​ស្ថាប័ន​។

សម្ដេច​នាយក​រដ្ឋមន្ដ្រី មាន​ប្រសាសន៍​ថា «​ក្នុង​ន័យ​នេះ ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ អាច​ចាត់​ទុក​បាន​ថា ជា​ជោគជ័យ​រួម​គ្នា គឺ​សមិទ្ធផល​រួម​គ្នា របស់​ក្រសួង​-​ស្ថាប័ន នៃ​រាជរដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​ការងារ តាម​អភិក្រម ចីរភាព នៃ​ប្រព័ន្ធ​តួអង្គ ទាំងមូល ការ​ធ្វើការ​រួម​គ្នា ប្រកបដោយ​ជោគជ័យ ក៏​បាន​ហុច​ផល​ដល់​វិស័យ​ឯកជន នឹង​ទទួល​បាន​ផលប្រយោជន៍ ជា​ច្រើន​ពី​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ ដូច​ជា ៖ ចំណេញ​ពេល កាត់​បន្ថយ​ការ​ចំណាយ ដោយ​មិន​ចាំបាច់ រត់ការ​ពី​ក្រសួង​-​ស្ថាប័ន​មួយ​ទៅ​ក្រសួង ស្ថាប័ន​មួយទៀត​នោះ​ទេ​»​។

សូម​បញ្ជាក់​ថា ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ គឺ ជា​សមិទ្ធផល​ថ្មី​មួយទៀត របស់​រាជរដ្ឋាភិបាល ក្នុង​កិច្ច​ប្រឹងប្រែង ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​បរិយាកាស​ធុរកិច្ច ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​។ ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ គឺជា​ប្រព័ន្ធ​ថ្មី​មួយទៀត​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​បំពេញបន្ថែម និង​ធ្វើការ​ជាមួយ​ប្រព័ន្ធ​ដែល​មាន​ស្រាប់ ដូច​ជា E-cus tom s, ASYCUDA, Pre-Arrival Manifest System ជាដើម​។

លើស​ពី​នេះ ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ នឹង​អនុញ្ញាត​ឱ្យ​អ្នក​នាំ​ចេញ​-​នាំ​ចូល​ទំនិញ អាច​ដាក់​ស្នើ​សុំ អាជ្ញា​បណ្ណ​, លិខិតអនុញ្ញាត​, វិញ្ញាបនបត្រ​និង​ឯកសារ​តម្រូវ​ផ្សេង​ទៀត ពាក់ព័ន្ធ​ការ​នាំ​ចេញ​-​នាំ​ចូល​ទំនិញ ទៅ​គ្រប់​ក្រសួង​-​ស្ថាប័ន មាន​សមត្ថកិច្ច តែ​មួយ​លើក​រួម​គ្នា ដើម្បី​ទទួល​បានការ​អនុញ្ញាត សម្រាប់​យក​ទៅ​ប្រើប្រាស់ ក្នុង​ការ​បំពេញ​បែប បទ​បញ្ចេញ​ទំនិញ ពី​គយ​តាម​មធ្យោបាយ​អេ​ឡិច​ត្រូ​និក​៕

ប្រភព៖ AKP