សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ គិតត្រឹមខែមីនា ឆ្នាំ២០២៤ មានយុវជនចំនួនជាង៣ម៉ឺននាក់ កំពុងទទួលបានការបណ្ដុះបណ្ដាល

0

ភ្នំពេញ៖ «​គិត​ត្រឹម​ខែមីនា ឆ្នាំ​២០២៤ មាន​យុវជន​ចំនួន ៣៤ ២៦៧​នាក់ (​ស្រី ៩ ៦០៦​នាក់​) កំពុង​ទទួល​បានការ​បណ្ដុះបណ្ដាល ក្នុង​នោះ ចំនួន ១៦ ២៦៧​នាក់ (​ស្រី ៥ ២២៣​នាក់​) កំពុង​ទទួល​ការ​បណ្តុះបណ្តាល​សញ្ញាបត្រ​បច្ចេកទេស​វិជ្ជាជីវៈ កម្រិត​១ (CI)​។ នេះ​បើ​តាម សារលិខិត របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន​ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៨ នៃ​ទិវា​ពលកម្ម​អន្ដរជាតិ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៤​។​

​ក្នុង​សារលិខិត ដដែល សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករនិយោជិត ជា​ពិសេស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយ​រង​ហានិភ័យ និង​បុគ្គល​នៃ​សេដ្ឋកិច្ច​ក្នុង​និង​ក្រៅ​ប្រព័ន្ធ បន្ត​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​នានា នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ​និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បន្ត​ចុះ​ឈ្មោះ​ជា​ប្រចាំ និង​បើក​ថ្នាក់​ជា​បន្តបន្ទាប់​នៅ​តាម​ទីរួមខេត្ត​នានា និង​នៅ​រាជធានី​ភ្នំពេញ​។​

​សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​វិស័យ​ឯកជន​ទទួលយក​សិក្ខាកាម សិស្ស និស្សិត ឱ្យ​ចូល​ហាត់​ការ​នៅ​កន្លែង​ការងារ​ដើម្បី​ផ្សារ​ភ្ជាប់​ទ្រឹស្តីបទ​ពិសោធ​ដែល​មាននៅ​រោង​ជាង​មជ្ឈមណ្ឌល​ស្រាវជ្រាវ ទៅ​នឹង​ការ​អនុវត្ត​ជាក់ស្ដែង​នៅ​តាម​សហគ្រាស គ្រឹះស្ថាន ដោយ​មាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​សមាគម​និយោជក​ចំនួន ១៧ បាន​ឯកភាព​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ​កម្មវិធី​ហាត់​ការ​នេះ និង​បន្ត​និរន្តរភាព និង​បង្កើន​ប្រសិទ្ធភាព​បើក​ផ្ដល់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​មុន​ពេល​សម្រាលកូន និង​ក្រោយ​ពេល​សម្រាលកូន​រហូត​ដល់​កូន​អាយុ ២​ឆ្នាំ ចំនួន ១៤​លើក ដោយ​១​លើក​ទទួល​បាន​ថវិកា​ចំនួន ៨​ម៉ឺន​រៀល និង​ប្រាក់​ឧបត្ថម្ភ​ពេល​សម្រាលកូន​ចំនួន ៨០​ម៉ឺន​រៀល ដើម្បី​លើកកម្ពស់​សុខុមាលភាព​មាតា​និង​ទារក រួមចំណែក​ដោះស្រាយ​កង្វះ​អាហារូបត្ថម្ភ ព្រមទាំង​ជំរុញ​ការ​លូតលាស់​ទាំង​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់​កូនចៅ​បងប្អូន​កម្មករនិយោជិត​។​

​ក្រៅពី​នេះ ក្នុង​នាម​រាជរដ្ឋាភិបាល និង​ខ្លួន​សម្ដេច​ផ្ទាល់ នឹង​បន្ត​តាមដាន​និង​ជំរុញ​យ៉ាង​យកចិត្តទុកដាក់​ដល់​ចលនា​ប្រកួតប្រជែង ”​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ ការ​បង្កើត​ឱ្យ​មាន​ទារកដ្ឋាន និង​ម​ត្តេ​យ្យ​សហគមន៍ នៅ​តាម​តំបន់​ដែល​មាន​រោងចក្រ ឱ្យ​បាន​មុន​ដំណាច់ឆ្នាំ​២០២៥ ដោយ​មានការ​ចូលរួម​ទ្រទ្រង់​ពី​និយោជក កម្មករនិយោជិត និង​ភាគី​ពាក់ព័ន្ធ​នានា ការ​កែ​លម្អ​កន្លែង​ទទួលទាន​អាហារ ឬ​អាហារ​ដ្ឋា​ន​នៅ​តាម​រោងចក្រ​ដែល​កំពុង​ដំណើរការ ឱ្យ​បាន​សមរម្យ​សម្រាប់​កម្មករនិយោជិត និង​តម្រូវ​ឱ្យ​មានការ​រៀបចំ​កន្លែង​ទទួលទាន​អាហារ ឬ​អាហារ​ដ្ឋា​ន សម្រាប់​រោងចក្រ​ដែល​ត្រូវ​បង្កើត​ថ្មី ដោយ​រួម​បញ្ចូល​ទាំង​ការ​គិតគូរ​អំពី​កត្ត​អនាម័យ រំហូរ​ខ្យល់ និង​សីតុណ្ហភាព​ទាំង​នៅ​កន្លែង​ទទួលទាន​អាហារ និង​កន្លែងធ្វើការ​ឱ្យ​បាន​ល្អ ជា​ពិសេស​នៅ​រដូវប្រាំង ការ​ផ្លាស់​ប្តូរ​ជា​បណ្ដើរ​ៗ​នូវ​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករនិយោជិត ដែល​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​និង​មាន​ផាសុកភាព​ជាង​មុន​ត្រឹម​ឆ្នាំ​២០២៧ និង​កម្មវិធី​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ ដែល​ជា​ឱកាស​សម្រាប់​បងប្អូន​កម្មករនិយោជិត និង​ពលករ​ទេស​ន្ត​ប្រវេសន៍​អាច​ទទួល​បាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជំនាញ សមត្ថភាព​និង​កម្រិត​ជំនាញ ដើម្បី​យក​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​របស់​បងប្អូន​កម្មករនិយោជិត ក៏​ដូច​ជា​ពលករ​ទេស​ន្ត​ប្រវេសន៍​។​

​រាជរដ្ឋាភិបាល​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ការ​កំណត់​យក​ប្រធានបទ ក៏​ដូច​ជា​ការ​បង្កើត​កម្មវិធី​ប្រកួតប្រជែង​យក​ពាន “​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​” នឹង​ជំរុញ​ឱ្យ​មាន​ចីរភាព​នៃ​វប្បធម៌​អនុលោម​ភាព​វប្បធម៌​នៃ​កិច្ច​សន្ទនា​សង្គម ការ​យោគយល់​អធ្យាស្រ័យ​គ្នា​នៅ​កន្លែង​ការងារ និង​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​កម្រិត​សហគ្រាស គ្រឹះស្ថាន នៅ​កម្រិត​ក្រសួង និង​នៅ​កម្រិត​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។ សម្ដេច​ធិ​បតី សន្យា​នឹង​បន្ត​ចុះ​ជួប​បងប្អូន​កម្មករនិយោជិត ដើម្បី​តាមដាន​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​អនុសាសន៍​ដែល​សម្ដេច​បាន​ដាក់​ចេញ​កន្លង​ទៅ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្ដាប់​ឱ្យ​បាន​នូវ​សំណូមពរ​របស់​បងប្អូន​កម្មករនិយោជិត ទាំង​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ ក៏​ដូច​ជា​បងប្អូន​ពលករ​យើង​នៅ​ក្រៅប្រទេស​៕

​ប្រភព​៖ AKP