ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារបានបរិច្ចាគ នូវធនធាន ផ្ទាល់ខ្លួនជូនដល់កាកបាទក្រហមកម្ពុជា ក្នុងគោលបំណងចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបន្តនូវកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ដែលចាំបាច់ទៅដល់សហគមន៍នានា ក្នុងឱកាសដ៏វិសេសវិសាលនៃការប្រារព្ធខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម នៅថ្ងៃទី ៨ ឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ។
លោកជំទាវ ម៉ៅ ចំណាន អគ្គនាយិកាប្រតិបត្តិការនៃ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ “នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជាសម្រាប់ការខិតខំប្រឹងប្រែងដែលមិនគិតពីការនឿយហត់ក្នុងការជួយទៅដល់សហគមន៍របស់យើង។ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជា ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះសហគមន៍របស់យើង ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាផ្តល់នូវ ក្តីសង្ឃឹមសម្រាប់ពលរដ្ឋដែលមានជីវភាពខ្វះខាត។”
ដោយមានការចូលរួមអមដំណើរពី គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង លោកជំទាវ ម៉ៅ ចំណាន បានប្រគល់ដោយផ្ទាល់ នូវ ជំនួយសប្បុរសធម៌នេះដល់ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហិរញ្ញិកកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលរបស់កាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅវេលាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានបង្ហាញពីកាយវិការគាំទ្រឥតងាករេចំពោះ គំនិតផ្តួចផ្តើមនានា របស់កាកបាទក្រហមកម្ពុជាក្នុងការជួយទៅដល់សហគមន៍។ កាយវិការគាំទ្រនេះ បានបង្ហាញឱ្យឃើញតាមរយៈការចូលរួមផ្តល់ភាគទានក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហមជារៀងរាល់ឆ្នាំ ។ ចាប់តាំងពីឆ្នាំ ១៩៩៥ រហូតមកដល់បច្ចុប្បន្ន អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងក្រុមគ្រួសារបានបរិច្ចាគថវិកាសរុបប្រមាណ ៥ លានដុល្លារអាមេរិក អង្ករ២០០តោន និងរថយន្ត២គ្រឿង ដល់កាកបាទក្រហមកម្ពុជា។
វិភាគទានរបស់លោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ នឹងជួយឱ្យកាកបាទក្រហមកម្ពុជាអាច បន្តបំពេញបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ជំនួយមនុស្សធម៌សំខាន់ៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ពង្រឹងភាពធន់របស់សហគមន៍ និងសម្រាលទុក្ខលំបាករបស់ប្រជាជន ដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម។
លោកជំទាវ ម៉ៅ ចំណាន លើកទឹកចិត្តដល់សប្បុរសជននានា ដែលមានបំណងចង់ជួយដល់សហគមន៍ដែលខ្វះខាតចូលរួម បរិច្ចាគ ដល់ កាកកបាទក្រហមកម្ពុជាដោយផ្ទាល់។ លោកជំទាវមាន ប្រសាសន៍ថា៖ “ បើយើងរួមគ្នាយើងអាចជួយដល់ពិភពលោកបានយ៉ាងច្រើន”។
កាកបាទក្រហមកម្ពុជានៅតែចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ ដោយអនុវត្តកម្មវិធីនានាដើម្បីបង្កើនភាពធន់របស់ សហគមន៍ និងកាត់បន្ថយការលំបាក់របស់ ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតដែលរួមមានដូចជា ៖ មនុស្សចាស់ជរា ជនពិការ អ្នកគ្មានផ្ទះសម្បែងស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារដែលកំពុងស្ថិតក្នុងស្ថានការណ៍ដ៏លំបាកផ្សេងៗ។
ដោយត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ កាកបាទក្រហមកម្ពុជា ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) នៅថ្ងៃទី៧ ខែតុលាឆ្នាំ ១៩៦០ ហើយត្រូវបានបញ្ចូលជាសមាជិកសហព័ន្ធអន្តរជាតិនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម៕
ប្រភព៖ ក្រសួងព័ត៌មាន