ផ្ទុះគ្រាប់បណ្តាលប្រជាពលរដ្ឋស្លាប់ចំនួន ០៤នាក់ និងរងរបួស ០២នាក់

0

មណ្ឌលគិរី ៖ កាលពីថ្ងៃសៅរ៍ ១២កើត ខែ ចេ​ត្រ​ ឆ្នាំ​រោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី​២០ ខែ​មេសា ឆ្នាំ២០២៤ នាវេលាម៉ោង​១៣ និង២០​នាទី មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថ​កិច្ច នៃអធិការដ្ឋាននគរបាលក្រុងសែ​ន​មនោរម្យថា ៖ មានករណីផ្ទុះគ្រាប់យុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះមួយគ្រាប់ បានផ្ទុះបណ្ដាលអោយប្រជាពលរដ្ឋចំនួន ០៤នាក់ បានស្លាប់បាត់បង់​ជីវិតនៅនឹងកន្លែងកើតហេតុ ព្រមទាំងមនុស្សចំនួន ០២​នាក់ ទៀតបានរងរបួស។ ហេតុការផ្ទុះគ្រាប់ខាងលើនេះបានកើតឡើងត្រង់ចំណុចត្រ​ពាំងតុង ស្ថិតក្នុងភូមិស្រែអ៉ី សង្កាត់​រមនា ក្រុងសែន​មនោរម្យ ខេត្តមណ្ឌល​គិរី។ ក្រោយពីបានទទួលព័ត៌មាននេះភ្លាម កម្លាំងការិយាល័យគ្រប់​គ្រងអាវុធជាតិផ្ទុះ ដឹកនាំដោយលោកវរសេនីយ៍ឯក នួន ហាន ស្នងការរងទទួលផែនអាវុធជាតិផ្ទុះ ព្រម​ទាំងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដឹក​នាំដោយលោកវរសេនីយ៍ឯក ចំរើន ភីរុណ ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតធ្ងន់ និងកម្លាំងការិយា​ល័យព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន ដានីន ស្នងការរងទទួលផែនព្រហ្ម​ទណ្ឌកំរិតស្រាល បានសហការជាមួយកម្លាំងជំនាញយុត្តិធម៌ និងកម្លាំងជំនាញបច្ចេក​ទេស នៃអធិការដ្ឋាននគរបាលក្រុងសែនមនោ​រម្យ ព្រមទាំ​ង​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមនា និងមានការចូលរួមពីលោក ជ្រង ធីល អភិបាល​រងក្រុង និង​លោកជំទប់ទី២ សង្កាត់រមនា ព្រម​ទាំងប្រជាការពារ បានចុះទៅកន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ។ ពេលដែលចុះទៅដល់កន្លែងកើត​ហេតុ កម្លាំងសមត្ថកិច្ចយើងបានពិនិត្យឃើញជន​រងគ្រោះខាងលើមានដូចខាង​ក្រោម ៖ ១-ឈ្មោះ ធើប ក្លេវ ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិព្នង ត្រូវជាឪពុក ឈ្មោះ ក្លេវ ដា (ស្លាប់) ។ ២-ឈ្មោះ ក្លេវ ដា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិព្នង ប្តី (ស្លាប់)។ ៣-ឈ្មោះ ដា ហាត់ ភេទស្រី អាយុ ១៣ឆ្នាំ កូន (ស្លាប់)។ ៤-ឈ្មោះ ដា សា ភេទប្រុស អាយុ ១០ឆ្នាំ កូន (ស្លាប់)។ ៥-ឈ្មោះ តែក ខ្លូង ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិព្នង ប្រពន្ធ (របួសស្រាល)។ ៦-ឈ្មោះ ដា វាសនា ភេទស្រី អាយុ ០៦ឆ្នាំ (រងរបួសស្រាល)។ ជនរងគ្រោះទាំង៦នាក់ខាងលើ មានទីលំនៅភូមិស្រែអ៉ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

អង្គហេតុមុនពេលដែលបានកើតហេ​តុ ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះទាំង៦នាក់ខាងលើ បានទៅរើសជ័រនៅម្ដុំចំណុចត្រពាំងតុង រួចក៏បាននាំគ្នាសម្រាកក្រោមដើមឈើ ក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយនៅគល់ឈើ បន្ទាប់មកឈ្មោះ ធើប ក្លេវ ក៏បានប្រាប់កូន កូនប្រសារ ព្រមទាំងចៅថា “នេះជារបស់ចាស់ពីមុនមក” បន្ទាប់មកជនរងគ្រោះឈ្មោះ តែក ខ្លូង បាននាំកូនស្រីឈ្មោះ ដា វាសនា ដើរចេញពីទីនោះប្រហែលបាន៦​ទៅ៧​ម៉ែត្រ​ គ្រាប់ក៏បានផ្ទុះ បណ្ដាលអោយជនរងគ្រោះឈ្មោះ តែក ខ្លូង និងឈ្មោះ ដា វាសនា រងរបួស ហើយឈ្មោះ តែក ខ្លូង ក៏បានរត់ទៅមើលជនរង​គ្រោះទាំង ៤នាក់ទៀត ក៏ឃើញថាអ្នកទាំង​៤នាក់ (១.ធើប ក្លើវ  ២.ក្លើវ ដា  ៣.ដា ហាត់ ៤.ដា សា) បានស្លាប់បាត់ទៅហើយ រួចជនរង​គ្រោះ​ឈ្មោះ តែក ខ្លូង ក៏នាំជនរងគ្រោះឈ្មោះ ដា វាសនា ដើរត្រលប់មកភូមិវិញ (ស្រែអ៉ី) ដើម្បី​អោយគេជួយអន្តរាគមន៍។

បច្ចុប្បន្នជនរងគ្រោះដែលរងរបួស ត្រូវបានរថយន្តនៃមន្ទីរពេទ្យបង្អែកខេត្តដឹកយកមកព្យាបាល នៅមន្ទីរពេទ្យអង្អែកខេត្តមណ្ឌលគិរី រីឯសពត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕