ព្រះសីហនុ៖ វេលាម៉ោង១២:៥០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះអគ្គីភ័យឆេះគំនរក្តារឈើកុងផ្លាកកេចាស់ៗ ផ្តើមចេញពីការដុតយកទឹកឃ្មុំ នៅកែងស្តុបភូមិអាចម៍មឹក ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បន្ទាប់ពីទទួលបានព៍ត៌មាននេះភ្លាម កម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត ចំនួន០៥នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឆឹម ផល្លី នាយការិយាល័យ បានចេញជួយសង្គ្រោះបាញ់ទឹកពន្លត់ ដើម្បីបង្ការ ទប់ស្កាត់ កុំឱ្យឆេះរាលដាលខ្លាំងប៉ះពាល់ដល់រោងកម្មករស្នាក់នៅក្បែរកន្លែងកើតហេតុ។

គ្រោះអគ្គីភ័យខាងលើ ត្រូវបានគ្រប់គ្រងបាញ់ទឹកពន្លត់ទាំងស្រុង នៅវេលាម៉ោង១៤:០០នាទី ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ កងរាជអាវុធហត្ថខេត្ត ចំនួន ០១គ្រឿង អស់ទឹក ០២ឡាន៕
ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ
