នគរបាល​កម្ពុជា​ សហការ​ជាមួយ​នគរបាល​កូរ៉េ​ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ មាន​និវេទន៍​ក្រហម​របស់​នគរបាល​អន្តរជាតិ​

0

ភ្នំពេញ​៖ អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុ​ន​ប៉ា ម៉ា​រី​លុ​ច អគ្គស្នងការ​រង ទទួល​ដឹកនាំ​ការងារ​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង ទទួល​សហការ​ដឹកនាំ​ការងារ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់ របស់​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។

បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ពី​នគរបាល​កូរ៉េ ពីមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ដែល​មាន​និវេទន៍​ក្រហម​នគរបាល​អន្តរជាតិ​។ មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចាត់​កម្លាំង​ជំនាញ​អោយធ្វើ​ការ​ស៊ើបអង្កេត​ចាប់តាំងពី​ដើម ខែមីនា អស់​រយៈពេល​ជាង​មួយ​ខែ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ ម៉ោង​១៨ និង​០០​នាទី កម្លាំង​ជំនាញ (​ក​១) ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ម៉ាក់ សេរី​វ​ឌ្ឍ​នា នាយករង​មន្ទីរ លោក​វរសេនីយ៍ឯក ម៉ាក់ សេរី​វឌ្ឍនៈ នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក គង់ សី​វ​ឌ្ឍ​នា នាយការិយាល័យ​រដ្ឋបាល​សរុប ដោយ​មានការ​ដឹកនាំ​និង​សម្របសម្រួល​ពី​លោក គឹ​ម ហុង​សាន ព្រះ​រា​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ (​មាន​និវេទន៍​ក្រហម​នគរបាល​អន្តរជាតិ នៅ​ចំណុច​តាម​បណ្តោយ ផ្លូវ​២៤២ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា និង​ឆែកឆេរ​ទីតាំង​ស្នាក់​នៅ​របស់​ជនល្មើស នៅ​ចំណុច ខុន​ដូរ អិ​ល បឹង​កេងកង​៣ ផ្លូវ​លេខ​៣៩៦ សង្កាត់​បឹង​កេងកង ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ឈ្មោះ ឈ្មោះ LI MINGXUE ភេទ​ប្រុស ជនជាតិ​ចិន កើត​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៨៦ កាន់​លិខិតឆ្លងដែន​លេខ : E12725171​។
វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន ៖
១. គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទម្ងន់ ៧០២,៧៩​ក្រាម
២. គ្រឿងញៀន​ប្រភេទ​កេ​តា​មីន ទម្ងន់ ៣,៥៨ ក្រាម
សរុប​គ្រឿងញៀន​ចាប់​យក ទម្ងន់ ៧០៦,៣៧​ក្រាម​។

ជនសង្ស័យ​ខាងលើ ត្រូវ​បាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុ​តាង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕