ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំផែនការសកម្មភាព និង ថវិកាឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់រាជធានី/ខេត្ត ដោយមានការ ចូលរួម ពីតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការប្រយុទ្ធនឹង ជំងឺអេដស៍ រាជធានីភ្នំពេញ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តព្រៃវែង ព្រមទាំង សមាជិក គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តទូទាំងប្រទេស តាមប្រព័ន្ធនិម្មិត (ZOOM) សរុប ប្រមាណ១០០គណនី។
កិច្ចប្រជុំនេះមានគោលបំណងដូចជា៖ ១-រៀបចំផែនការសកម្មភាពឆ្លើយតប នឹង មេរោគអេដស៍ ឱ្យស្របនឹងគោលនយោបាយបញ្ចប់អេដស៍ និងចីរភាព កម្មវិធីអេដស៍ សម្រាប់រាជធានី/ខេត្ត។ ២-លើកសំណើថវិកាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យបាន ទាន់ពេលវេលា។ ៣-សម្របសម្រួលរវាងផ្នែកកម្មវិធីអេដស៍ និងផ្នែក រដ្ឋបាលហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ នៃរាជធានី/ខេត្ត ដើម្បីអាចអនុវត្តសកម្មភាព និងថវិកា ក្នុងការឆ្លើយតប នឹងមេរោគអេដស៍របស់រាជធានី/ខេត្ត និង៤-អនុវត្តន៍សកម្មភាពឆ្លើយតប នឹងមរោគអេដស៍ ដូចមានចែងក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធី អេដស៍សម្រាប់ រាជធានី/ខេត្ត។
គួររំឭកថា៖ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ កិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រីបានអនុម័តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធី អេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ដែលត្រូវដាក់ឱ្យអនុវត្តន៍ចាប់ពីពេលនេះតទៅ។ ចំពោះគោលដៅ ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន ៨៦-៩៩-៩៨ គឺបានលើសគោលដៅទី២ និងទី៣ ប៉ុន្តែកម្ពុជានៅត្រូវការខិតខំធ្វើឱ្យសម្រេចគោលដៅទី១។ ទាក់ទងទៅនឹងការឆ្លងថ្មី អាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ ធ្លាប់បានលើកឡើងថា កាលពីឆ្នាំ២០១៩ មានអ្នក ឆ្លងថ្មីចំនួន ៧៨០ករណី។ ប៉ុន្តែនៅក្នុងឆ្នាំ២០២២ កម្ពុជាមាន អ្នកឆ្លងថ្មីចំនួន ១.៤០០ករណី។ ក្នុងនោះ ៦០០ករណីជាអ្នក ស្រឡាញ់ភេទដូចគ្នាដែលពួក គេមានអាយុក្រោម៣០ឆ្នាំ ហើយមិន ដែលបានទទួលសារពីហានិភ័យនៃការរួមភេទផងទេ នេះជាកង្វល់ដែលអាជ្ញាធរ ជាតិប្រយុទ្ធ នឹងជំងឺអេដស៍ កំពុងសម្រួចទិសដៅទៅធ្វើការជាមួយយុវវ័យ៕
ប្រភព៖ AKP