ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីអំពើ លួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយនៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១០ម៉២០នាទីព្រឹក ។
ជនសង្សយ័មានឈ្មោះ លន់ លី ហៅឃ្លី ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ហើយសម្ភារៈបាត់បង់រួមមាន ៖ កង់ចំនួន ០៣គ្រឿង និងកង់រទះរ៉ឺម៉កចំនួន ០២គ្រាប់ ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១០ម៉ ២០នាទីព្រឹក ជនរងគ្រោះឈ្មោះ រឿន បារាំង ភេទប្រុស អាយុ៤៣ឆ្នាំ កំពុងតែនៅស្រុកកំណើត ស្រាប់តែម្ចាស់ផ្ទះជួលបានតេទូរស័ព្ទប្រាប់ថា មានគេគាស់បន្ទប់ជួលរបស់ជនរងគ្រោះចំណុចផ្លូវលំ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ចំណុចកើតហេតុ) រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១១ម៉០០នាទី ជនរងគ្រោះក៏បានត្រឡប់មកដល់បន្ទប់ជួលវិញឃើញថា ចំរឹងបង្អួចត្រូវបានបាក់ និងបានបាត់កង់ចំនួន ០៣គ្រឿង, កង់រទេះរ៉ឺម៉កចំនួន ០២គ្រាប់ រួចជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាពឃើញថាជនសង្ស័យឈ្មោះ លន់ លី ហៅឃ្លី ភេទប្រុស អាយុ៣២ឆ្នាំ ដែលជាអ្នកស្នាក់នៅខាងមុខបន្ទប់ជួលកើតហេតុ ជាអ្នកធ្វើសកម្មភាពលួចខាងលើ ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីឲ្យសមត្ថកិច្ចស្វែងរកសម្ភារៈដែលបានបាត់ និងជនល្មើសមកចាត់ការតាមនីតិវិធីច្បាប់ ។ ក្រោយពីទទួលបានបណ្តឹងសមត្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវក៏កំណត់បានមុខសញ្ញារបស់ជនសង្ស័យ លុះរហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៩ម៉០០នាទី នៅពេលដែលជនសង្ស័យឈ្មោះ លន់ លី កំពុងឈរតាមផ្លូវលំ ភូមិព្រែកតាគង់២ ក៏ត្រូវបានសមត្ថកិច្ចយើងដែលកំពុងល្បាតក្នុងមូលដ្ឋានឃាឃាត់ខ្លួនមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ៕
ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ