ក្នុងរដូវចូលឆ្នាំថ្មី អ្នកលក់ក្រឡាននៅភូមិខ្ចាស់ ខេត្តសៀមរាប សប្បាយចិត្តដោយសារលក់ក្រឡានដាច់ទ្វេដង

0

សៀមរាប៖ ក្នុង​រយៈពេល​៣​ទៅ​៤​ថ្ងៃ​មកនេះ អ្នកលក់​ក្រឡាន នៅ​ភូមិ​ខ្ចាស់ ស្ថិត​ក្នុង​ទឹកដី​ខេត្តសៀមរាប ដែល​ធ្លាប់តែ​ស្ងប់ស្ងាត់ ពុំ​សូវ​មាន​អតិថិជន​ចូល​ទិញ​ច្រើន​នោះ ប៉ុន្តែ​នា​រដូវ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នេះ​បាន​ប្រែ​មក​កាក់កប​ប្រសើរ​ឡើង​វិញ ធ្វើ​ឱ្យ​ពួក​គាត់​សប្បាយចិត្ត​ដោយ​មិន​ចង់ឱ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ដោយ​ឆាប់រហ័ស​នោះ​ឡើយ​។

ដោយសារ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ របរ​លក់​ក្រឡាន នៅ​ដងផ្លូវ​ជាតិ​លេខ​៦A ស្ថិត​នៅ​ត្រង់​ភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក សូទ្រនិគម ខេត្ដសៀមរាប​គឺ​បាន​ធ្វើ​ឱ្យ​អ្នកទេសចរ និង អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​តែង​ចូល​ទិញ​បរិភោគ និង​ទទួលស្គាល់​រស់ជាតិ​ថា​ឆ្ងាញ់​ទៀត​ផង​។ ការ​ដាក់​លក់​តាម​ដងផ្លូវ និង​រួម​ផ្សំ​ជាមួយ​ការ​ដុត​ក្រឡាន​ផ្ទាល់​ៗ និង​ផ្គួប​ផ្សំ​ផ្សែង​ហ៊ុយ​ទ្រលោម​នៅ​កន្លែង​នោះ​តែ​ម្តង​បាន​ទាក់ទាញ​អ្នក​ធ្វើ​ដំណើរ​ប្រុស​ស្រី​ឈប់​សំចត​ដើម្បី​បាន​ភ្លក្ស និង​ទិញ​ផ្ញើ​ទៅ​មិត្តភក្តិ ញាតិ​មិត្ត​បងប្អូន​បាន​បរិភោគ​។
អ្នកស្រី ហៀ​ង កញ្ញា អ្នកលក់​ក្រឡាន​នៅ​ដងផ្លូវ​ជាតិ​លេខ​៦A ស្ថិត​នៅ​ភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក សូទ្រនិគម ខេត្ដសៀមរាប​ដែល​កំពុង​ដុត​ក្រឡាន​លក់​ជាមួយនឹង​ទឹកមុខ​រីករាយ រាក់ទាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​មកនេះ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​អ្នកស្រី​លក់ដាច់​គួរសម ដោយ​ក្នុង​មួយ​ថ្ងៃ​លក់ដាច់​ក្រឡាន​អស់​ចាប់ពី​១០​គីឡូក្រាម​ឡើង​ទៅ​។ អ្នកស្រី​បន្ត​ថា អ្នក​ដើរ​កម្សាន្ត​ទី​ជិត​ឆ្ងាយ​តែង​ឈប់​ទិញ​ក្រឡាន​ជា​ហូរហែរ​ធ្វើ​ឱ្យ​អ្នកស្រី​សប្បាយ​ចិត្តជា​ពន់ពេក​។

ស្រី​រូប​នេះ ដែល​ប្រកប​មុខរបរ​ដុត​ក្រឡាន​ច្រើន​ឆ្នាំ​មកនេះ​បាន​ប្រាប់​ថា​៖ ”​ខ្ញុំ​បាន​ប្រកប​មុខរបរ​ដុត​ក្រឡាន​លក់​តាំង​តែ​មួយ​តូប ពីរ​តូប​ដំបូង​។ ឥឡូវនេះ លក់​សឹង​រាប់រយ​តូប ឃើញ​ថា​លក់​គ្នា​ច្រើន​ទៅ​ធ្វើ​ឱ្យ​បាត់​ចំណូល និង​គួប​ផ្សំ​ពេល​នេះ​ខ្សត់​អ្នកទិញ​ផង​ធ្វើ​ឱ្យ​ជួប​ស្ថានភាព​លំបាក​ក្នុង​ការ​រក​ប្រាក់​ចំណូល​ច្រើន​ជាង​មុន​”​។

ជាមួយ​គ្នា​នេះ អ្នកស្រី យុទ្ធ​វ័ង ដែល​ជា​អ្នកលក់​ក្រឡាន​ក្នុង​ភូម​ខ្ចាស់​នេះ​ដែរ​បាន​ប្រាប់​ឱ្យ​ដឹង​ថា អ្នកស្រី​លក់​នៅ​ដើម​ទី​គេ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​មក​ពី​រាជធានី​ភ្នំពេញ ម្ល៉ោះហើយ​ធ្វើ​ឱ្យ​ពុំ​សូវ​ដាច់​ច្រើន​ឡើយ​។ អ្នកស្រី​បន្ត​ថា ក្នុង​រដូវ​ចូល​ឆ្នាំ​នេះ​ទោះ​លក់​ពុំ​សូវ​ដាច់​ដូច​អ្នក​ដទៃ​តែ​អ្នកស្រី​នៅ​អាច​លក់​ក្រឡាន​អស់​អង្ករ​ជាង​១០ គីឡូក្រាម​ដែរ​។ ស្ត្រី​រូប​នេះ​ប្រាប់​ឱ្យ​ដឹង​បន្ថែម​ថា​៖ ”​សម្រាប់​តម្លៃ​ក្រឡាន​គឺ​ទៅ​តាម​ទំហំ​តូច​ធំ មាន​តម្លៃ​មួយ​ដើម​២​ពាន់​រៀល​, ២ ៥០០​រៀល ៣ ០០០ រៀល​និង​ក្រឡាន​ធំ​តម្លៃ ៣ ៥០០ រៀល​ក្នុង​មួយ​ដើម​”​។
ចំណែក​អ្នកស្រី ស្ងួន ម៉ុ​ច អ្នកលក់​ក្រឡា​មួយ​រូប​ទៀត​នៅ​ភូមិ​ខ្ចាស់​នេះ​ដែរ​បាន​សំណូមពរ​ឱ្យ​អតិថិជន ដែល​ធ្វើ​ដំណើរ​ទី​ជិត​ឆ្ងាយ​ជួយ​ទិញ​ក្រឡាន​របស់​ពួក​គាត់​ដែល​មាន​រស់ជាតិ​ឈ្ងុយ​ឆ្ងាញ់​កុំ​ខាន​។ ទោះបី​យ៉ាងណា​អ្នកស្រី​បាន​លើក​ឡើង​ដែរ​ថា កន្លង​មក​មាន​អតិថិជន ខ្លះ​មិន​ហ៊ាន​ចូល​ទិញ​ដោយសារ​ខ្លាច​ក្រឡាន​នៅ​សល់​ទិញ​ទៅ​បរិភោគ​មិនកើត​។ តែ​អ្នកស្រី​សំណូមពរ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ភ្លក្សមើល​សិន​មុន​នឹង​ទិញ​ពីព្រោះ​ក្រឡាន​ពួក​គាត់​ភាគច្រើន​សុទ្ធតែ​ល្អ​ៗ ហើយ​រស់ជាតិ​ក៏​ឆ្ងាញ់​ថែម​ទៀត​។

អ្នកស្រី ស្ងួន អន អ្នក​ដុត ក្រឡាន​ជើង​ចាស់​មួយ​រូប​ទៀត​បាន​ប្រាប់​ថា ការ​ដុត​ក្រឡាន ប្រើ​ពេល​យ៉ាងតិច​២​ម៉ោង​ទើប​ឆ្អិន​ល្អ ហើយ​អាច​លក់​បាន ដោយ​ក្នុង​នេះ​នៅ​ពេល​សក​បំពង់​ឬ​ស្សី​ដុត​ដំបូង​ប្រើ​ពេល​១​ម៉ោង​កន្លះ ហើយ​ឆ្អើរ​កន្លះ​ម៉ោង​ទៀត​ទើបបាន​លក់​សរុប​២​ម៉ោង​ទើប​អាច​លក់​បាន​។

ស្ត្រី​ដែល​ប្រកប​របរ​ដុត​ក្រឡាន​លក់​មិន​តិច​ជាង​២០​ឆ្នាំ​មកនេះ​បាន​ប្រាប់​ដោយ​លើក​ឡើង​ផង​ដែរ​ថា​៖ ”​កាលពីមុន​លក់​ក្នុង​មួយ​ថ្ងៃ​អស់​អង្ករ​១០០​គីឡូក្រាម តែ​បច្ចុប្បន្ន​លក់​បាន​ក្នុង​មួយ​ថ្ងៃ​អង្ករ​បាន​ត្រឹមតែ​១០​គីឡូក្រាម​ប៉ុណ្ណោះ​។​សម្រាប់​ចូល​ឆ្នាំ​នេះ​ខ្ញុំ​អាច​លក់​បាន​ក្នុង​មួយ​ថ្ងៃ​អស់​អង្ករ​ប្រមាណ​២០​គីឡូក្រាម​ដែរ​”​។

សួ​ម​បញ្ចា​ក់ថា ក្រឡាន​ជា​អាហា​របស់​ខ្មែរ​យើង ដែល​មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ​។ ដោយ​ក្នុង​សម័យ​ដើម​គេ​ដុត​ក្រឡាន​តាម​ផ្ទះ​ទុក​គ្រាន់​ហូប​ជា​លក្ខណៈ​គ្រួសារ ឬ​ផ្ញើរ​សាច់​ជាតិ​ក្នុង​ថ្ងៃ​បុណ្យ​ទាន​ជាដើម​។ ក្នុង​សម័យ នោះ នៅ​ពេល​ចាស់ទុំ បុរាណ ចង់​ដុត​ក្រឡាន​តែង ដើរ​រក​កាប់​ដើម​ឫស្សី ដែល​មាន​បំពង់​ប្រហោង​ធំ​ៗ យក​មក​ធ្វើ​ក្រឡាន​។ សម្រាប់​គ្រឿងផ្សំ​របស់ «​នំក្រឡាន​» មាន​ដូច​ជា អង្ករដំណើប សណ្តែកខ្មៅ ស្ករ ខ្ទិះដូង និង​អំបិល​បន្តិចបន្តួច ដោយ​យក​ស្លឹកចេក ឬ​ស្រកីដូង​ធ្វើ​ឆ្នុក ហើយ​បន្ទាប់​មក គេ​ដុត​ក្នុង​ចង្ក្រាន​ធ្វើ​ពីរ​បា​ដែក​។ ចំពោះ​រយៈពេល នៃ​ការ​ដុត​ក្រឡាន​ចាប់ពី​២​ម៉ោង​ឡើង​ទៅ ដោយ​អាស្រ័យ​ទៅ​លើ​ទំហំ​បំពង់​ឬ​ស្សី​ធំ ឬ​តូច​ជាដើម​៕

ប្រភព៖ AKP