សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ

0

ភ្នំពេញ៖ «​ក្នុង​នាម​រាជរដ្ឋាភិបាល និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ គ្រប់​រាជធានី​-​ខេត្ត ក៏​ដូច​ជា​នៅ​ក្រៅប្រទេស​ផង​ដែរ កង​យោធពលខេមរភូមិន្ទ កង​នគរបាល​ជាតិ កងរាជអាវុធហត្ថ ប្រជា​ការពារ អ្នក​អនាម័យ និង​កម្លាំង​ស្ម័គ្រចិត្ត​គ្រប់​យន្តការ​ទាំងអស់ ដែល​បាន​ចូលរួម​សហការ​បំពេញភារកិច្ច​រៀបចំ តុបតែង និង​ប្រចាំការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ធានា​បាន​នូវ​សុវត្ថិភាព បង្ក​លក្ខណៈ​ដល់​ការ​កំសាន្ត​សប្បាយ​របស់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ ព្រមទាំង​បាន​ញ៊ាំ​ង​ឱ្យ​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ នៅ​ទូ​ទាំង​ប្រទេស បាន​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ សោភ័ណ​ភាព សេចក្តី​ថ្លៃថ្នូរ សុខ​សុវត្ថិភាព របៀបរៀបរយ​ល្អ ប្រកបដោយ​មោទកភាព​ជាតិ​»​។ នេះ​ជា សារ​ថ្លែងអំណរគុណ របស់​សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី តាម​បណ្ដាញ​សង្គម​នៅ​ព្រឹក​ទី​១៧​មេ​សា​។

សម្ដេច​ធិ​បតី ក៏​បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ និង​ភ្ញុ​ៀ​វ​បរទេស​ទាំងអស់ ដែល​បាន​ចូលរួម​លេង​កំសាន្ត​ប្រកបដោយ​ភាព​រីករាយ ព្រមទាំង​ថែរក្សា​បាន​នូវ​ប្រពៃណី​វប្បធម៌​ដ៏​ផូរផង់​របស់​ខ្មែរ ។ កត្តា​ចម្បង​បំផុត គឺ​ម្លប់​នៃ​សុខ​សន្តិភាព ដែល​បាន​ផ្តល់​នូវ​ឱកាស​ឱ្យ​ប្រជាជន​ខ្មែរ​គ្រប់​រូប អាច​រួមរស់​ប្រកបដោយ​កុសលធម៌ និង​សាមគ្គីធម៌ ក្នុង​ធ្លុង​ជាម​ហា​គ្រួសារ​ខ្មែរ​តែ​មួយ នៅ​លើ​ទឹកដី​មាតុភូមិ​អង្គរ​ដ៏​បវរ​ជាទី​ស្នេហា និង​ក្នុង​សេចក្តីសុខ​ក្សេមក្សាន្ត កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ ជា​ដរាប​តរៀង​ទៅ ។

ជាមួយ​គ្នា​នេះ សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ប្រគេន​ពរ​ដល់​ព្រះតេជព្រះគុណ​គ្រប់​ព្រះ​អង្គ និង​ជូនពរ​ដល់​សម្ដេច ទ្រង់ ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ៊ំ​ពូ​មីង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ សូម​ជួប​ប្រទះ​តែ​សុខភាព​ល្អ សុភមង្គល និង​ទទួល​បាន​សិរី​សួស្តី​ជោគជ័យ​គ្រប់​ប្រការ ព្រម​ជាមួយនឹង​ពុទ្ធ​ពរ​ទាំងឡាយ​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​សូម​ជូនពរ​អ៊ំ​ពូ​មីង​បងប្អូន​ប្រជាពលរដ្ឋ ដែល​មិនមែន​ជា​ពុទ្ធសាសនិកជន នៅ​ពរ​ជ័យ​សិរី​សួស្ដី ជ័យជម្នះ​គ្រប់​ប្រការ កុំបី​អាក់ខាន​ឡើយ ។ សូម​ធ្វើ​ដំណើរ​ប្រកបដោយ​ភាព​ប្រុង​ប្រយ័ត្ន និង​សុខ​សុវត្ថិភាព ៕

ប្រភព៖ AKP