ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីឆបោក ក្រោម​រូបភាព​ដាក់​ប្រាក់​វិនិយោគ ដែល​ផ្តល់​ប្រាក់​ចំណេញ​ច្រើន​ត្រលប់​មក​វិញ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៤ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សហការ​ជាមួយ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស ឃ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក ក្រោម​រូបភាព​ដាក់​ប្រាក់​វិនិយោគ ដែល​ផ្តល់​ប្រាក់​ចំណេញ​ច្រើន​ត្រលប់​មក​វិញ​។

ជា​លទ្ធផល ជនសង្ស័យ​ជា​សហចារី​ដែល​ប្រើប្រាស់​គណនី​ធនាគារ​របស់​ខ្លួន​ផ្ទាល់ ជា​មធ្យោបាយ សម្រាប់​ទទួល​ប្រាក់​ឆបោក​ពី​អ្នក​វិនិយោគ​ផ្សេង​ៗ រួច​ផ្ទេរ​ប្រាក់​ទាំងនោះ​ទៅ​ឱ្យ​បក្សពួក​របស់​ខ្លួន​តាម​រយៈ​គណនី​ធនាគារ​ជា​ច្រើន​។ បក្សពួក​របស់​ជនសង្ស័យ ប្រើប្រាស់​បណ្តាញ​សង្គម ដោយ​ដាក់​តាំង​រូប​ក្នុង​ប្រូ​ហ្វា​ល់ (Profile) ក្លែង​ជា រូប​ស្រី​ស្អាត តាម​គោលដៅ​ដែល​ពួក​គេ​តាម​ប្រមាញ់ ដោយ​និយាយ​លួងលោម​ជន​រង​គ្រោះ ឱ្យ​ជឿជាក់​ព្រម​ដាក់​ប្រាក់​វិនិយោគ​។
បច្ចុប្បន្ន នាយកដ្ឋាន​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ជឿ​ទុកចិត្ត​លើ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​តាម​បណ្តាញ​សង្គម​ក្នុង​ការ​វិនិយោគ និង​ការ​ផ្ទេរ​ប្រាក់​ណាមួយ​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់​៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា