នាវាកងទ័ពជើងទឹកថៃ ០១គ្រឿង ចូលចតធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ៣ថ្ងៃ

0

ព្រះសីហនុ៖ នា​ព្រឹក​ថ្ងៃ​សុក្រ ១២​រោច ខែ​ផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៤ លោក​ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ​រាម ដឹកនាំ​នាយ​នា​វី នាយ​នា​វី​រង​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ អញ្ជើញ​ទទួល​ស្វាគមន៍​នាវា កងទ័ពជើងទឹក​ភូមិន្ទ​ថៃ​ចំនួន ០១​គ្រឿង មានឈ្មោះ HTMS BANGPAKONG FF456 ចូល​ចត នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ប្រកបដោយ​សុវត្ថិភាព នាវា​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ ដឹកនាំ ដោយ​លោក​វរ​នា​វី​ឯក អាក់​សូក ស៊ី​សុវត្ថិ ប្រធាន​គណៈ​បញ្ជាការ​នាវា និង​ជា​នាយ​រង​សេនា ធិ​ការ​កងទ័ពជើងទឹក​ថៃ ភូមិភាគ​ទី​១ បាន​ដឹកនាំ​នាវា​ចូល​សំចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង ព្រះ​សីហ​នុ​ប្រកបដោយ​សុវត្ថិភាព​។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាវា​កងទ័ពជើងទឹក​ភូមិ​មិ​ន្ទ​ថៃ នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២៤ ដើម្បី​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ពជើងទឹក នៃ​ប្រទេស​ទាំង​ពីរ រាជរដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​។

តាម​ការ​គ្រោងទុក ប្រធាន​គណៈ​បញ្ជាការ​នាវា មាន​គម្រោង​ចូល​ជួប​សម្តែង​ការ គួរសម ជាមួយ​អភិបាលខេត្ត​ព្រះ​សីហ​នុ មេបញ្ជាការ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ មានកម្ម​វិធី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​មានកម្ម​វិធី​លេង​កីឡាបាល់ទាត់ បាល់ទះ​មិត្តភាព​រវាង​កងទ័ពជើងទឹក នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

លក្ខណៈ​បច្ចេកទេស​នាវា​៖ នាវា HTMS BANGPAKONG FF456 មាន​ទម្ងន់​ផ្ទុក ១ ៨៣៧ton (២ ០៧២​តោន ទម្ងន់​ពេញ​) បណ្ដោយ ១០២.៧៨​ម៉ែត្រ ទទឹង ១១.៣៦ ម៉ែត្រ ជម្រៅ​ទឹក ៤.២​ម៉ែត្រ កម្ពស់ ២៦.៧​ម៉ែត្រ​។ មាន​នាវិក​សរុប​ចំនួន ២២៩​នាក់ ក្នុង​នោះ​មាន នាយទាហាន ៣៧​នាក់​។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៤ នាវា​កង​ស្វ័យការពារ ជើង​ទឹក​ជប៉ុន ចំនួន ០២​គ្រឿង ក៏​បាន​ចូល​ចត​ធ្វើ​ទស្សនកិច្ច​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល ៣​ថ្ងៃ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​សុវត្ថិភាព​៕

ប្រភព៖ AKP